(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានបង្ហាញរបាយការណ៍សង្ខេបស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមរបាយការណ៍សង្ខេបដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ។

តាមរយៈរបាយការណ៍សង្ខេបរបស់ខ្លួនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយ កម្ពុជាទទួលបាននូវសុខសន្តិភាពពេញបរិបូរណ៍ ឯកភាពជាតិ ឯក ភាពទឹកដីទាំងស្រុង តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជោគជ័យនូវយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង៤ ដំណាក់កាល ដោយសម្រេចបានសមិទ្ធផលធំៗ លើគ្រប់វិស័យ ទាំងនយោបាយ សេដ្ឋកិច្ច និងសង្គម ជាពិសេសក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សិទិ្ធមនុស្ស និងនីតិរដ្ឋ។

ច្បាប់រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ជាច្បាប់កំពូលរបស់រដ្ឋ ដែលមានលក្ខណៈប្រជាធិបតេយ្យជឿនលឿន និងបានកើតចេញពីឆន្ទៈរួមរបស់ប្រជាពលរដ្ឋខ្មែរ។ គ្រប់និន្នាការនយោបាយបានផ្តល់នូវគុណតម្លៃនៃមូលដ្ឋានគ្រឹះ គឺប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ ដោយបញ្ចូលទាំងស្រុងនូវខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលក្នុងនោះ ជំពូកទី៣នៃរដ្ឋធម្មនុញ្ញ ចាប់ពីមាត្រា៣១ ដល់មាត្រា៥០ បានចែងអំពីសិទ្ធិមនុស្សទាំងស្រុង ដែលសូម្បីតែទោសប្រហារជីវិតមិនត្រូវមានឡើយ។

ឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនិងកិច្ច សហការអន្តរជាតិ កម្ពុជាបានផ្តល់សច្ចាប័នទទួលយកសន្ធិសញ្ញា អនុសញ្ញា និងកតិកាសញ្ញាទាំងឡាយ ដែលទាក់ទងនឹងសិទ្ធិមនុស្ស មានចំនួន៨ ក្នុងចំណោម៩ រួមមាន៖

ទី១៖ អនុសញ្ញាអន្តរជាតិស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍
ទី២៖ កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌
ទី៣៖ កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ
ទី៤៖ អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី
ទី៥៖ អនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប
ទី៦៖ អនុសញ្ញាស្តីពីសិទ្ធិកុមារ
ទី៧៖ អនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព
ទី៨៖ អនុសញ្ញាអន្តរជាតិស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ៕

ខាងក្រោមនេះជារបាយការណ៍សង្ខេបរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖