(ភ្នំពេញ)៖ ក្រោយដំណើរការរបស់ខ្លួនរយៈពេល០២ថ្ងៃ ពីថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០២៣ វគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងប្រសិទ្ធភាព ការត្រួតពិនិត្យសារធាតុគីមីផ្សំគ្រឿងញៀន សម្រាប់មន្ត្រីអនុវត្តច្បាប់បម្រើការងារ នៅតាមបណ្តាខេត្តជាប់ព្រំដែន ខេត្តគោលដៅមានក្រុមហ៊ុន រោងចក្រប្រើប្រាស់សារធាតុគីមីផ្សំច្រើន អង្គភាពគយ និងរដ្ឋាករកម្ពុជាបណ្តាច្រកទ្វារព្រំដែន កំពង់ផែស្វយ័ត ត្រូវបានបិទបញ្ចប់ហើយ កាលពីល្ងាចទី២៥ ខែតុលា ឆ្នាំ២០២៣។

ឧត្តមសេនីយ៍ទោ អ៊ុយ រ៉ាត់ ប្រធាននាយកដ្ឋានស្រាវជ្រាវ និងត្រួតពិនិត្យ បានរាយការណ៍ពីកិច្ចសហការល្អរវាងសិក្ខាកាម និងគ្រូឧទ្ទេសធ្វើឲ្យវគ្គបណ្តុះបណ្តាលប្រព្រឹត្តទៅបានយ៉ាងល្អជោគជ័យ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ប្រទេសកម្ពុជា ស្ថិតក្នុងស្ថានភាពកំពុងរងគ្រោះ ដោយសារសកម្មភាពលួចលាក់ចរាចរសារធាតុគីមីផ្សំ យកមកកែឆ្នៃផលិតគ្រឿងញៀនសំយោគ ដែលតម្រូវឲ្យមន្រ្តីអនុវត្តច្បាប់ជួរមុខ ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យ ឲ្យបានហ្មត់ចត់។

ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្តថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមឆន្ទះដ៏មុតស្រួចរបស់សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានដាក់ចេញនូវគោលការណ៍ណែនាំ និងវិធានការនានា សម្រាប់ជំរុញ តាមដាន និងចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អ ប្រសើរលើការងារបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសទាក់ទងនឹងគ្រឿងញៀន ជាពិសេសការទប់ស្កាត់ការលួចបង្វែរសារធាតុគីមីផ្សំទៅផលិតគ្រឿងញៀនខុសច្បាប់ សូមសិក្ខាកាមទាំងអស់ត្រូវ៖

*ទី១៖ អង្គភាពគយ និងរដ្ឋាករដែលមានភារកិច្ចបម្រើការងារនៅតាមតំបន់ច្រកទ្វារព្រំដែន ត្រូវធ្វើការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់ ត្រឹមត្រូវរាល់អាជ្ញាបណ្ណ ឯកសារពាក់ព័ន្ធ និងបរិមាណ ប្រភេទ នៃសារធាតុគីមីជាក់ស្តែង ដែលក្រុមហ៊ុន រោងចក្រ សហគ្រាស បាននាំចូល។

*ទី២៖ ត្រូវលើកកម្ពស់ការផ្លាស់ប្តូរព័ត៌មានជាប្រចាំស្តីអំពីការចរាចរដឹកជញ្ជូន សារធាតុគីមីឆ្លងកាត់ព្រំដែនចូលមកកាន់ផ្ទៃក្នុងប្រទេស ក្នុងចំណោម អង្គភាព ឬមន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេស  រវាងមន្រ្តីគយ និងរដ្ឋាករ បម្រើការងារនៅតាមបណ្តាច្រកទ្វារព្រំដែន និងអាជ្ញាធរ ខេត្ត ដែលមានក្រុមហ៊ុន រោងចក្រ សហគ្រាស នាំចូលប្រើប្រាស់សារធាតុគីមីទាំងនោះ។

*ទី៣៖ ត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហការល្អ រវាងមន្រ្តីបម្រើការងារជួរមុខ នៅតាមតំបន់ព្រំដែន កំពង់ផែ និងកម្លាំងមន្រ្តីអនុវត្តច្បាប់ពាក់ព័ន្ធ ក្នុងការផ្លាស់ប្តូរព័ត៌មានអំពីសកម្មភាព និងទិសដៅ នៃការចរាចរដឹកជញ្ជូនសារធាតុគីមីនៅក្នុងប្រទេសកម្ពុជា។

*ទី៤៖ កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវលើកកម្ពស់កិច្ចសហប្រតិ-បតិ្តការតាមដាន ឃ្លាំមើល និងត្រួតពិនិត្យគ្រប់ក្រុមហ៊ុន រោងចក្រ សហគ្រាស ប្រើប្រាស់សារធាតុគីមីផ្សំ ដែលមានទីតាំងស្ថិតនៅក្នុងដែនដីរបស់ខ្លួន។

*ទី៥៖ គ្រប់មន្រ្តីអនុវត្តច្បាប់គ្រឿងញៀន ត្រូវបន្តយកចិត្តទុកដាក់លើកកម្ពស់ ការកសាងសមត្ថភាព ចំណេះដឹង ជំនាញបន្ថែមទៀត ដើម្បីបម្រើដល់ការលើកកម្ពស់សកម្មភាពការងារតាមដាន ស៊ើបអង្កេត ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន និងបទល្មើសដទៃទៀតទាក់ទងនឹងគ្រឿងញៀនបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕