(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី២៦ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោង ATscale សម្រាប់ពង្រឹងសេវាស្តារលទ្ធភាពពលកម្មជនពិការ និងកម្មវិធីសុខភាពភ្នែក នៅសណ្ឋាគារ កាំបូឌីយ៉ាណា។

ក្នុងពិធីដាក់ឱ្យអនុវត្តគម្រោងនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងថា គោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការរក្សាបានសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយ និងមានសន្តិសុខ ដែលជាលក្ខខណ្ឌដ៏សំខាន់សម្រាប់ធ្វើឱ្យមានការអភិវឌ្ឍ និងការរីកចម្រើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជន។
ជាពិសេសប្រជាពលរដ្ឋកម្ពុជាបានរស់នៅក្នុងសុខសន្តិភាពយ៉ាងពេញលេញ និងមានស្ថេរភាពនយោបាយ ក្នុងស្ថានភាពរីកចម្រើនសេដ្ឋកិច្ច ក្រោមភាពដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន។

លោករដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា នាអាណត្តិមុនៗ របស់រាជរដ្ឋាភិបាលកម្ពុជា វិស័យសុខាភិបាលមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលក្នុងនោះការងារថែទាំសុខភាពបឋម ត្រូវបានកែលម្អ និងបានចូលរួមចំណែកដល់ភាពរីកចម្រើន និងជោគជ័យ ផ្នែកសុខភាព ក្នុងប្រទេសកម្ពុជា ដោយបានកាត់បន្ថយបានជាអតិបរិមា នូវអត្រាឈឺ និងស្លាប់ របស់ទារក កុមារមានអាយុ ៥ឆ្នាំ និងស្រ្តី ជំងឺឆ្លង ដូចជា អេដស៍ គ្រុនចាញ់ របេងជាដើម។

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានបន្ដថា «ជាជំហានៗទៅមុខដូចគ្នា ទៅនឹងប្រទេសក្នុងតំបន់ ការរីកចម្រើនខាងសេដ្ឋកិច្ច និងប្រជាសាស្រ្ត បាននាំឱ្យមានការរំពឹងថានឹងមានការកើនឡើងនូវចំនួនប្រជាជន និងចំនួនវ័យចាស់ជរាដែលនឹងនាំមកនូវបន្ទុកជំងឺមិនឆ្លង បញ្ហាសុខភាពផ្លូវចិត្ត និងសេចក្តីត្រូវការសេវាសម្រាប់ប្រជាជន ដែលមានវ័យកាន់តែចាស់ជរាទៅអនាគត»

តាមរយៈអង្គការសុខភាពពិភពលោក ប្រទេសកម្ពុជាត្រូវបានប៉ានប្រមាណថា មានប្រជាជនប្រហែល ២.២លាននាក់ កំពុងរស់នៅដោយមានពិការភាព ហើយដែលក្នុងចំណោមនោះ ជនមានពិការភាពលើស ៣២០,០០០នាក់ មានការលំបាកខ្លាំងក្នុងធ្វើចលនាប្រចាំថ្ងៃ។ ក្នុងចំណោមជនមានពិការភាពដែលមានការលំបាកខ្លាំង ក្នុងការធ្វើចលនាទាំងនោះ មានចាស់ជរា អ្នកជំងឺរាំរ៉ៃ ដែលមានបញ្ហាភ្នែកនិងធ្វើចលនា អតីតយុទ្ធជន និងជនមានពិការភាពដោយសារមីន និងគ្រោះថ្នាក់ចរាចរ។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការសហការគ្នា និងបំពេញគ្នាទៅវិញទៅមកនេះ បាននឹងបង្កើតឱ្យមានប្រព័ន្ធ និងសេវាស្តារលទ្ធភាពពលកម្ម និងឧបករណ៍អវយវៈសប្បនិម្មិត គ្រប់ជ្រុងជ្រោយដើម្បីបម្រើឱ្យផលប្រយោជន៍ជនមានពិការភាព។

«គម្រោង ATscale ដែលជាគម្រោងមួយក្នុងចំណោមគម្រោងផ្សេងៗទៀតនោះទេ ក៏ជាសារមួយរំលឹកទាំងអស់គ្នាថា យើងមិនបោះបង់ចោលជនមានពិការភាពម្នាក់ណាឡើយ និងមិនគ្រាន់តែអភិវឌ្ឍកសាងមូលដ្ឋានផ្តល់សេវាប៉ុណ្ណោះទេ ប៉ុន្តែយើងផ្តល់នូវសេចក្តីសង្ឃឹមដល់ជនមានពិការភាពគ្រប់ៗរូប ហើយយើងមិនគ្រាន់តែផ្តល់នូវឧបករណ៍អវៈយវៈសប្បនិម្មិតនោះទេ តែយើងក៏ផ្តល់ដល់ពួកគាត់នូវសេចក្តីថ្លៃថ្នូរ និងការផ្លាស់ប្តូរជីវិតឱ្យប្រសើរឡើង»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្ដ្រី ឈាង រ៉ា។

ទន្ទឹមនឹងនោះ លោករដ្ឋមន្ដ្រី ជា សុមេធី បានថ្លែងផងដែរថា គម្រោង ATScale ពិតជាមាសារសំខាន់សម្រាប់ជនមានពិការភាពកម្ពុជា ជាពិសេសជនមានពិការភាពកាយសម្បទា និងជនមានពិការភាពភ្នែក។ ពិធីសម្ពោធនាថ្ងៃនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីក និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ សេវាស្តារលទ្ធភាពពលកម្ម ប្រកបដោយនិរន្តរភាពនៅកម្ពុជា និងមានគោលបំណងបំពាក់ឧបករណ៍បច្ចេកវិទ្យាជំនួយជូនជនមានពិការភាព ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងកម្មវិធី និងការសម្របសម្រួលភាពជាដៃគូ ក្នុងការអនុវត្តគម្រោងសេវាស្តារលទ្ធភាពពលកម្មជូនជនមានពិការភាពកាយសម្បទា និងជនមានពិការភាពភ្នែក ដែលត្រូវការជាប្រចាំ និងចាំបាច់នូវឧបករណ៍បច្ចេកវិទ្យាជំនួយសម្រាប់ការរស់នៅប្រចាំថ្ងៃ។

លោករដ្ឋមន្ដ្រី ជា សុមេធី បានគូសបញ្ជាក់ទៀតថា រដ្ឋាភិបាលកម្ពុជា បានកំណត់យកវិស័យពិការភាពជាការងារអាទិភាពមួយ ដោយបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព និងលិខិតូបករណ៍អន្តរជាតិផ្សេងៗ ព្រមទាំងបានកសាង និងដាក់ឱ្យអនុវត្តច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិជាច្រើនទៀត ជាពិសេសការពង្រឹងការផ្តល់សេវាសុខភាព និងសុខុមាលភាពសម្រាប់ជនមានការភាពដូចមានក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាដើម៕