(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសន្យាបន្ថែមទុនវិនិយោគជាមួយក្រសួងធនធានទឹក និងឧតុនិយម ពិសេសបន្ថែមទុនវិនិយោគលើការងារជួសជុលថែទាំប្រព័ន្ធធារាសាស្រ្ត (O&M) ដើម្បីរួមចំណែកទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

ការសន្យានេះធ្វើឡើងក្នុងជំនួបពិភាក្សារវាងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោកស្រី Jyotsana Varma នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។

លោករដ្ឋមន្ត្រីបានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពិចារណាពង្រីកទុនវិនិយោគបន្ថែមទៀតលើវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យនៃគ្រោះធម្មជាតិនានា។ លោកក៏បានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ីបង្កើនកិច្ចសហប្រតិបត្តិការកែលម្អផែនការរយៈពេលវែង លើកិច្ចការវិនិយោគក្នុងវិស័យធនធានទឹក និងឧតុនិយម ចាប់ពីឆ្នាំ២០២៤-២០៣៩ ឈានទៅកាត់បន្ថយបានជាអតិបរមានូវជំនន់គ្រប់ប្រភេទ និងហានិភ័យនៃគ្រោះរាំងស្ងួត បង្កើនជាអតិបរមានូវបរិស្ថានបៃតង និងអេកូទេសចរណ៍។

ជាការឆ្លើយតប លោកស្រីនាយិកា ADB ប្រចាំកម្ពុជា បានសន្យាបន្ថែមទុនវិនិយោគជាមួយក្រសួងធនធានទឹក និងឧតុនិយម និងជាពិសេសទុនវិនិយោគលើការងារជួសជុលថែទាំប្រព័ន្ធធារាសាស្រ្ត (O&M) ដើម្បីរួមចំណែកទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

ជាមួយគ្នានោះ ភាគីទាំងពីរក៏បានបញ្ជាក់ពីការបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹកឱ្យកាន់តែមានការរីកចម្រើនប្រកបដោយនិរន្តរភាព ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានថ្លែងអំណរគុណចំពោះការរួមចំណែកប្រកបដោយប្រសិទ្ធភាពខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក និងឧតុនិយម ដែលធនាគារ ADB បានចូលរួមក្នុងការធ្វើទំនើបកម្មវិស្វកម្មលើវិស័យហេដ្ឋារចនាសម្ពន្ធទឹក ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី។

សូមជម្រាបថា គិតមកដល់ពេលបច្ចុប្បន្ននេះ ធនាគារ ADB បានធ្វើការវិនិយោគជាបន្តបន្ទាប់ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម ចាប់ពីខ្នាតមធ្យមដល់ខ្នាតធំ ក្នុងនោះគម្រោងកំពុងដំណើរការមានចំនួនពីរ៖ ទី១-គម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម (IAIP) និងទី២-គម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរបរិស្ថាន (CFACVS)។ ដោយឡែក គម្រោងដែលកំពុងសិក្សាមានចំនួនពីរ៖ ទី១-គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) និងទី២-គម្រោងធារាសាស្រ្តធន់អាកាសធាតុ និងកសិកម្មដែលមានភាពធន់ និងមាននិរន្តរភាព (CAISAR)៕