(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី «ការដាក់ឲ្យប្រើប្រាស់មុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្នុង FMIS» ជូនក្រសួងចំនួន ៥ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ ចំនួនជាង ៦០០ រូប នៃក្រសួងទាំង ៥ ដែលរួមមាន៖ ១.ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ២.ក្រសួងបរិស្ថាន, ៣.ក្រសួងមហាផ្ទៃ, ៤.ក្រសួងសុខាភិបាល និង៥.ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កម្មវិធីនេះ ត្រូវបានរៀបចំក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីសមិទ្ធផលថ្មីៗ ដែលត្រូវបានអភិវឌ្ឍដោយក្រុមការងារគ្រប់គ្រងគម្រោង FMIS គឺ «មុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ» ព្រមទាំងត្រៀមចូលរួមវគ្គបណ្តុះបណ្តាល ជូនថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីមានសមត្ថភាពពេញលេញ សម្រាប់ការប្រើប្រាស់នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ នេះតទៅ។
ថ្លែងក្នុងពិធីនោះ លោកបណ្ឌិតសភាចារ្យ បានជម្រាបជូនអង្គពិធីថា FMIS ត្រូវបានទទួលស្គាល់ជាអន្តរជាតិថា ជាប្រព័ន្ធស្ដង់ដាបែបឧត្តមានុវត្ត សម្រាប់ធ្វើទំនើបកម្មការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ប្រព័ន្ធឌីជីថលូបនីយកម្មនេះ មានលក្ខណៈជាប្រព័ន្ធមជ្ឈការទិន្ន័យ សម្រាប់ប្រើប្រាស់បែបវិមជ្ឈការក្នុងការអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុ និង ប្រតិបត្តិការពាក់ព័ន្ធនានា ដូចជាការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋជាដើម នៅតាមការដ្ឋាននានា ដើម្បីបង្កើនគណនេយ្យភាព, សង្គតិភាព និង ប្រសិទ្ធភាព នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ដោយឃើញច្បាស់ពីតម្រូវការពុំអាចខ្វះបាននៃការប្រើប្រាស់ FMIS ដែលជាឧបករណ៍ដ៏ស័ក្កិសិទ្ធ ក្នុងការជំរុញ និងគាំទ្រការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឲ្យបោះជំហានទៅមុខឥតឈប់ឈរ ទាំងនៅបច្ចុប្បន្ន និង អនាគត, រាជរដ្ឋាភិបាល បានកំណត់យក FMIS ជាប្រព័ន្ធផ្លូវការតែមួយគត់របស់កម្ពុជា និងបានចែងនៅក្នុងមាត្រា ១៣ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។

លោកបណ្ឌិតសភាចារ្យ បានគូសរំលេចបន្ថែមថា «មុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្នុង FMIS» ត្រូវបានអភិវឌ្ឍ និងរៀបចំឡើងឲ្យមានភាពប្រទាក់ក្រឡា តាំងពីដំណើរការរៀបចំ ផែនការថវិកា, ផែនការលទ្ធកម្ម, ការអនុវត្តកិច្ចលទ្ធកម្ម រហូតដល់ការងារទូទាត់ និង ការធ្វើច្បាប់ទូទាត់, ពោល គឺមានភាព-សុខដុមនីយកម្មទិន្នន័យគ្នា រវាងមុខងាររៀបចំ ផែនការថវិកា, វិភាជន៍ថវិកា, លទ្ធកម្មពេញលេញ, គណនីត្រូវសង, គណនីត្រូវទារ, សៀវភៅធំ, របាយការណ៍ និង ការធ្វើសវនកម្មតាមប្រព័ន្ធតែមួយ ដោយពុំមានការបញ្ចូលទិន្នន័យស្ទួនគ្នា (One Single Data Entry)។

មុខងារថ្មីនេះ នឹងត្រូវប្រើប្រាស់ក្នុងការគ្រប់គ្រងទាំងព័ត៌មានរូបធាតុ (Physical Information) និង ព័ត៌មានហិរញ្ញវត្ថុ (Financial Information) របស់ទ្រព្យសម្បត្តិនីមួយៗ និងមាននីតិវិធីអនុវត្តការងារ (Business Processes) រួមមាន រំហូរការងារលើការកកើត និងការទទួលស្គាល់ (កិច្ចលទ្ធកម្ម, អំណោយ, ការរឹបអូស ជាដើម), ការប្រគល់ទទួល, ការផ្ទេរ, ការរំលស់, ការវាយតម្លៃកើនថយ និងការជម្រះទ្រព្យ ដែលអាចជួយសម្រួលជាច្រើន ដល់ការប្រើប្រាស់របស់អង្គភាពកាន់កាប់ និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋទាំងអស់ ។

លោកបណ្ឌិតសភាចារ្យ ក៏បានផ្ដល់អនុសាសន៍ណែនាំដល់សិក្ខាកាមមកពីក្រសួងទាំង ៥ ដែលជាអាជ្ញាធរកាន់កាប់ និងអង្គភាពប្រើប្រាស់, ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ឲ្យបន្តកិច្ចសហការជាមួយក្រុមការងារគ្រប់គ្រងគម្រោង FMIS ឲ្យកាន់តែសកម្មបន្ថែមទៀត ក្នុងការពិនិត្យរៀបចំមន្ត្រីអនុវត្តមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ឲ្យសមស្របនឹងតួនាទីភារកិច្ច ក្នុងការកត់ត្រា និង ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន, ត្រៀមរៀបចំមន្ត្រីអនុវត្តមុខងារពាក់ព័ន្ធសម្រាប់ចូលរួមវគ្គ បណ្តុះបណ្តាលពង្រឹងសមត្ថភាព ដើម្បីឲ្យការដាក់ឲ្យអនុវត្តមុខងារ គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនេះ ដំណើការដោយរលូន និងមានប្រសិទ្ធភាព៕