(ភ្នំពេញ)៖ លោក យ៉ូស៊ីហ៉ីសា កៃនុម៉ា អគ្គនាយកក្រុមហ៊ុនមីនីបៀ បានអះអាងថា នៅក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រុមហ៊ុនរបស់លោកនឹងកៀរគរដល់បណ្តាក្រុមហ៊ុនធំៗរបស់ជប៉ុន មកបណ្តាក់ទុន វិនិយោគនៅកម្ពុជា ឲ្យកាន់តែមានសន្ទុះកើនឡើង ពិសេសការប្រមូលផ្តុំប្រភពទុនលើការវិនិយោគអំពូលភ្លើងឆ្លាតបំភ្លឺនៅតាមទីសាធារណៈ ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ។   

ការអះអាងបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាស សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុញ្ញាតឲ្យ អគ្គនាយកក្រុមហ៊ុនមីនីបៀ ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា ដើម្បីរាយការណ៍ពីវឌ្ឍនភាពរបស់ករុមហ៊ុនមីនីបៀនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវការរីករាយចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុនមីនីបៀ ដែលបានបណ្តាក់ទុនវិនិយោគនៅកម្ពុជា មានការរីកចំរើនពីមួយអាណត្តិទៅមួយអាណត្តិ ពិសេសការបង្កើនភាពជាដៃគូវិនិយោគប្រកបដោយទំនុកចិត្តនៅកម្ពុជា។ សម្តេចតេជោបានស្នើឲ្យក្រុមហ៊ុនលើកឡើងពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ក្នុងរយៈពេល ១២ឆ្នាំកន្លងមក ដែលក្រុមហ៊ុនបានវិនិយោគនៅកម្ពុជា។

លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា អគ្គនាយកក្រុមហ៊ុនមីនីបៀ មានប្រសាសន៍ថ្លែង នូវការគោរពកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ពិសេសទៅទៀតនោះ សម្តេចផ្ទាល់ គឺជាឆ្មបបង្កើតក្រុមហ៊ុនមីនីបៀនៅកម្ពុជា ដែលរហូតមកដល់ពេលនេះមានរយៈពេល ១២ឆ្នាំមកហើយ។ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា បានរាយការណ៍ជូនសម្តេចតេជោដែរថា ក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានផលិតនូវ ផលិតផលថ្មីជាច្រើនដើម្បីបម្រើឲ្យសក្តានុពលវិនិយោគនៅកម្ពុជា ក្នុងនោះផលិតផលអេឡិចត្រូនិច គឺជាផលិតផលថ្មី របស់ក្រុមហ៊ុនដែលត្រូវបានផលិតជាលើកដំបូងនៅកម្ពុជា ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារអន្តជាតិ។

លោកអគ្គនាយក ក៏បានជម្រាបជូនសម្តេចតេជោអំពីលទ្ធភាពនៃការបង្កើតគម្រោងថ្មីសម្រាប់ការវិនិយោគនៅកម្ពុជា ក្នុងនោះរួមមានការវិនិយោគលើថាមពលកកើតឡើងថ្មី ដែលមិនធ្វើឲ្យប៉ះពាល់ដល់បម្រែបម្រួលអាកាសធាតុផងដែរ៕