(បន្ទាយមានជ័យ)៖ គួរឱ្យអាសូរណាស់ បុរសម្នាក់ហេតុតែក្រីក្រពេក សុខចិត្តចូលព្រៃបេះបន្លែយកមកស្លនៅព្រំដែនកម្ពុជា-ថៃ តែជាអកុសលក៏បានជាន់មីនបណ្តាលឲ្យរបួសធ្ងន់។

រឿងរាវនេះកើតឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅតាមព្រៃក្បែរព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៨០៧ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចន ជុង ឣាយុ២៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ឡុង សំណាង បានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះក្រោយបាយថ្ងៃត្រង់រួចជនរងគ្រោះបានចូលព្រៃដើររកបេះបន្លែនៅកន្លែងកើតហេតុពិសេសដើរ ដកផ្សិត និងជីកទំពាំង តែអកុសលអីស្រាប់តែដើរ ជាន់មីនដែលបន្សល់តាំងពីសម័យសង្គ្រាម ផ្ទុះបណ្តាលឲ្យដាច់ជើងឆ្វេង។

លោកវរសេនីយ៍ឯក ឡុង សំណាង បានបន្តទៀតថា ក្រោយពីបានឮសំឡេងផ្ទុះមីន កម្លាំងនគរបាលការពារព្រំដែនប៉ុស្តិ៍អូរសាយបានសហការជាមួយកម្លាំងយោធា ក.អ.ធ.ទី១សឹករងស្រុកថ្មពួក ចុះទៅពិនិត្យកន្លែងមីនផ្ទុះស្រាប់តែឃើញជនរងគ្រោះ ដេកនៅកន្លែងកើតហេតុទាំងមានឈាមស្រោចពេញខ្លួន ហើយជើង១ត្រូវដាច់ទៀត កំលាំងរបស់លោកបានជួយសង្គ្រោះ សែងតាមអង្រឹងយកមកដាក់រថយន្តបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក តែមើលសភាពរបួសធ្ងន់ពេក ក្រុមគ្រូពេទ្យបានបញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបងបន្តសង្គ្រោះបន្ទាន់។

ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ ទោសិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនដែលដើររកអនុផលព្រៃឈើ សូមកុំចូលព្រៃដែលសង្ស័យថាមានមីន ឬក៏មានស្លាកសញ្ញាគ្រោះថ្នាក់ឲ្យសោះ ព្រោះអាចនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិតឬក៏រងរបួសជាយថាហេតុបាន៕