(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេប្រវែង១,០០០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ជូនប្រជាពលរដ្ឋរស់នៅភូមិស្រះពោធិ៍ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល។

កម្មវិធីនេះធ្វើឡើងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នាឱកាសនោះ លោក គង់ សោភ័ណ្ឌ បានឱ្យដឹងថា នេះគឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់ឃុំភ្នំបាត ស្រុកពញាឮ ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយសោភ័ណ្ឌភាព ផាសុកភាព សមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកបានផ្ដាំផ្ញើដល់អាជ្ញាធរស្រុកបន្តកសាងសមិទ្ធផលនានាឲ្យបានច្រើនខិតខំបម្រើពលរដ្ឋឲ្យបានល្អ ហើយពលរដ្ឋទាំងអស់សូមរួមគ្នាថែរក្សាសមិទ្ធនេះបានគង់វង្សយូរអង្វែង៕