(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុញ្ញាតឲ្យលោកស្រី Alissar Chaker អ្នកតំណាងនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) និងក្រុមការងារ ចូលពិភាក្សាការងារ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ។

កិច្ចពិភាក្សានេះ មានគោលបំណងពង្រឹងភាពជាដៃគូ និងយុទ្ធសាស្ត្រ សម្រាប់ពន្លឿនការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍធនធានមនុស្សឌីជីថល។

ក្នុងជំនួបនេះ លោកស្រី Alissar Chaker បានថ្លែងអំណរគុណដល់លោករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការអនុញ្ញាតឲ្យលោកស្រី និងសហការី ចូលជួបពិភាក្សាការងារ ជាមួយនាពេលនេះ។ ជាមួយគ្នានេះ លោកស្រីបានអបអរសាទរចំពោះសមិទ្ធផលនានា ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាឌីជីថល ដែលប្រទេសកម្ពុជាសម្រេចបាន។

បន្ថែមលើនេះ លោកស្រី ក៏បានជម្រាបជូន លោករដ្ឋមន្ត្រី អំពីការប្តេជ្ញាចិត្តបន្តគាំទ្ររបស់ UNDP លើការជួយកម្ពុជា ក្នុងការសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ឆ្នាំ២០៣០ និងការត្រៀមខ្លួនសម្រាប់ការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច និងជាពិសេសគាំទ្រដល់ការសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណលោកស្រី Alissar Chaker ដែលកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ តែងតែផ្តល់ជំនួយក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។

លើសពីនេះទៀត លោករដ្ឋមន្ត្រីបានលើកឡើងពីវឌ្ឍនភាពរបស់ក្រសួង ក្នុងការរៀបចំគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ ការអភិវឌ្ឍធនធានមនុស្សតាមរយៈកម្មវិធីអាហារូបករណ៍ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ការជំរុញការចាប់យកឌីជីថល ការបង្កើតកម្មវិធីប្រកួតប្រជែងពាក់ព័ន្ធនឹងជំនាញឌីជីថល ការរៀបចំកសាងមជ្ឈមណ្ឌលទិន្នន័យជាតិ ការបង្កើតថ្នាលឌីជីថល ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល និងការពង្រឹងគុណភាពសេវាទូរគមនាគមន៍ឱ្យកាន់តែប្រសើរ ដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការប្រើប្រាស់ផងដែរ។

លោករដ្ឋមន្ត្រីក៏បានជម្រាបជូនលោកស្រីតំណាង UNDP ប្រចាំនៅកម្ពុជា អំពីការងារអាទិភាពក្នុងការជំរុញបរិវត្តកម្មនៅតាមក្រសួង ស្ថាប័ន និងវិស័យពាក់ព័ន្ធ។

លោកមន្ត្រីបានថ្លែងអំណរគុណចំពោះ លោកស្រី Alissar Chaker ចំពោះឆន្ទៈ និងការប្តេជ្ញារបស់លោកស្រី ក្នុងការរួមចំណែកអភិវឌ្ឍវិស័យឌីជីថល សេដ្ឋកិច្ចនិងសង្គមកម្ពុជា និងបានជូនពរឲ្យលោកស្រី និងក្រុមការងារទទួលបានជោគជ័យការងារបន្ថែមទៀត៕