(តាកែវ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅម៉ោង៦៖៤៥នាទីព្រឹក ថ្ងៃទី១៦ ខែសីហានេះ បាននឹងកំពុងជួបសំណេះសំណាលជាមួយបងប្អូន ប្រជាពលរដ្ឋ និងអាជីវករ ក្នុងផ្សារសំរោងយ៉ោង ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ។
ក្នុងឱកាសចុះសំណេះសំណាលនោះ សម្តេចតេជោ បានបញ្ជាក់ប្រាប់បងប្អូនអាជីវករក្នុងផ្សារ បងប្អូនអាចលក់ដូរក្នុងផ្សារនេះពេញមួយជីវិត តកូនតចៅ ដោយគ្មានបញ្ហាអ្វីនោះទេ។
ជាមួយគ្នានេះ បងប្អូនអាជីវករក្នុងផ្សារសំរោងយ៉ោង បានឲ្យដឹងថា ពួកគាត់បានឃើញរួចហើយ នូវសារាចរណ៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន ដែលអនុញ្ញាតឲ្យបងប្អូនអាជីករ អាចលក់ដូរក្នុងផ្សារពេញមួយជីវិត និងសូមថ្លែងអំណរគុណដល់សម្តេចតេជោ ដែលបានចេញសារាចរណ៍នេះ៕