(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានដាស់តឿនដល់ក្រុមប្រឹក្សាស្រុក ឃុំនៅទូទាំងស្រុកភ្នំក្រវាញ ទោះមកពីគណបក្សនយោបាយណាក៏ដោយ ត្រូវរួមសហការ សាមគ្គី និងឯកភាពគ្នា ឈរលើគោលដៅរួមមួយក្នុងការគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឈោងចាប់យកសមិទ្ធផលជាប្រយោជន៍សង្គមជាតិ និងប្រជាជន ក៏ដូចជាការអភិវឌ្ឍនៅមូលដ្ឋានរបស់ខ្លួន។

លោកអភិបាលខេត្តដាស់តឿនបែបនេះធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល​ជាមួយក្រុមប្រឹក្សាស្រុក​ និងក្រុមប្រឹក្សាឃុំ​ទូទាំងស្រុកចំនួន៥៧រូប នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំការិយាល័យអប់រំស្រុកភ្នំក្រវាញ ដោយបានការចូលរួមពីក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ គណៈអភិបាលស្រុក និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។

លោក ខូយ រីដា បានឱ្យដឹងថា ក្នុងយន្តការដឹកនាំខេត្តពោធិ៍សាត់បានជិត១ឆ្នាំមកនេះ គឺលោកមានមហិច្ឆតាអភិវឌ្ឍខេត្តកំណើតរបស់លោកឱ្យមានការរីកចម្រើនឡើងជាលំដាប់ ដែលកិច្ចការទាំងអស់នេះ គឺត្រូវការចូលរួមនិងគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ទើបសម្រេចទៅបាន។

លោកសូមឱ្យក្រុមប្រឹក្សាស្រុក ឃុំទូទាំងស្រុកភ្នំក្រវាញត្រូវមានការខិតខំប្រឹងប្រែង និងសាមគ្គីភាពផ្ទៃក្នុងប្រកបដោយឆន្ទៈតែមួយ ក្នុងស្មារតីទទួលខុសត្រូវរួមនៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងការងារសេដ្ឋកិច្ចសង្គម ដែលធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានកាន់តែល្អប្រសើឡើងបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញកន្លងមកនេះ។ ជាមួយគ្នានោះ ត្រូវបន្តអនុវត្តតួនាទីភារកិច្ចប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងត្រូវខិតខំដោះស្រាយទំនាស់នៅមូលដ្ឋានឱ្យអស់លទ្ធភាព ក្នុងករណីដោះស្រាយមិនចេញ ត្រូវរាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីមានវិធានការដោះស្រាយឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានោះ លោកក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានត្រូវបន្តថែរក្សាសុខភាព ដើម្បីមើលការអភិវឌ្ឍនៅពេលខាងមុខ និងត្រូវផ្សព្វផ្សាយ ព្រមទាំងចលនាឱ្យប្រជាពលរដ្ឋចូលរួមសម្អាតបរិស្ថាន ធ្វើយ៉ាងណាឱ្យភូមិដ្ឋានមានអនាម័យបរិស្ថានល្អ និងមានផាសុកភាពល្អ។

លោក ខូយ រីដា ក៏បានដឹកនាំប្រតិភូក្រុមការងារចុះពិនិត្យ និងដោះស្រាយដោយផ្ទាល់ជុំវិញករណីប្រជាពលរដ្ឋចំនួ១០គ្រួសារ ដែលរស់នៅភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ លើដីបម្រុងទុករបស់រដ្ឋ (រោងម៉ាស៊ីនចាស់) ផងដែរ៕