(ក្វាងស៊ី, ចិន)៖ បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅកន្លែងផលិតម៉ូតូអគ្គិសនីហើយនោះ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ដដែលនោះ អ្នកសារព័ត៌មាន Fresh News និងអ្នកសារព័ត៌មានដទៃទៀតមកពីកម្ពុជា ព្រមទាំងអ្នកសារព័ត៌មានប្រទេសអាស៊ាន ត្រូវបានរៀបចំឱ្យបំពេញទស្សនកិច្ចនៅសារមន្ទីរក្រុងគួយកាំង ខេត្តក្វាងស៊ី។
សារមន្ទីរក្រុងគួយគាំង ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៤ ដំបូងឡើយជាវិទ្យាស្ថាន Gui County Cultural Relics Management Institute។ ក្នុងឆ្នាំ១៩៨៨ សារមន្ទីរនេះ ដដែលបានក្លាយជាសារមន្ទីរថ្នាក់តំបន់មានឈ្មោះថាសារមន្ទីរ Guigang City Museum ហើយនៅឆ្នាំ១៩៩៦ ទើបត្រូវដំឡើងទៅជាសារមន្ទីរកម្រិតខេត្ត (Guigang City Museum)។
សារមន្ទីរនេះគ្រប់គ្រងដោយរដ្ឋផ្ទាល់ ហើយគ្រប់គ្រងបន្តដោយការិយាល័យវប្បធម៌ វិទ្យុ ទូរទស្សន៍ កីឡា និងទេសចរណ៍នៃក្រុងគួយកាំង ជាមួយការទទួលបានហិរញ្ញវត្ថុទាំងស្រុងពីរដ្ឋាភិបាលចិន។ សារមន្ទីរបច្ចុប្បន្នមានបណ្តុំវត្ថុបុរាណចំនួន ១,៩១០ឈុត ជាមួយនឹងវត្ថុបុរាណមានតម្លៃចំនួន ៤,៦៧២ឈុតផ្សេងទៀត។
ក្នុងចំណោមវត្ថុបុរាណទាំងនោះ មានវត្ថុបុរាណវប្បធម៌ដ៏មានតម្លៃចំនួន ៧៧៣ឈុត និងបណ្ដុំវត្ថុបុរាណទូទៅចំនួន ១,១៣៧ឈុត។ វត្ថុបុរាណទាំងនេះភាគច្រើនបានមកពីការធ្វើកំណាយនៅទូទាំងទីក្រុង ហើយភាគច្រើនជាវត្ថុបុរាណបានមកពីផ្នូររាជវង្សហាន ជាពិសេសគ្រឿងស្មូន និងសំរិទ្ធ។ ក្នុងចំណោមវត្ថុបុរាណរាជវង្សហានទាំងនេះទៀតសោត ផ្ទះធ្វើពីដីឥដ្ឋមានភាពលេចធ្លោជាពិសេស ដូចជាប្រាសាទ Eastern Han Dynasty Pottery Castle។
សារមន្ទីរគួយកាំង បានបញ្ចប់ការសាងសង់ទាំងស្រុង និងបើកដំណើរការនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ដែលគ្របដណ្តប់លើផ្ទៃដី ៣៨៤៧.៦៥ ម៉ែត្រក្រឡា និងផ្ទៃតំបន់សំណង់ ១០,០០០ ម៉ែត្រក្រឡា រួមទាំងតំបន់តាំងពិព័រណ៍ទំហំ ៤,៨០០ម៉ែត្រក្រឡា ព្រមទាំងមានកន្លែងតាំងពិព័រណ៍ជាមូលដ្ឋាន ចំនួន ៣ ដូចជា៖ «Xijiang Pearl Ancient County Relics, Guigang Historical Relics Exhibition និង Guigang National Folk cultural Relics Exhibition។
លើសពីនេះទៅទៀត នៅតំបន់ក្វាងស៊ីជនជាតិដើមភាគតិចជួង ក៏ជាមូលដ្ឋានអប់រំគំនិតស្នេហាជាតិរបស់សារមន្ទីរ និងជាទីតាំងនៃសមាជទីមួយ របស់គណបក្សកុម្មុយនិស្តចិន។
បន្ទាប់ពីបានទស្សនានៅសារមន្ទីរនេះហើយ អ្នកសារព័ត៌មានទាំងកម្ពុជា និងអាស៊ាន បានចាប់អារម្មណ៍ខ្ពស់ចំពោះវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ជនជាតិដើមនៅក្រុងគួយកាំងនេះ។ ទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌នៃការរស់នៅរបស់ពួកគេមួយចំនួនធំ គឺប្រហាក់ប្រហែលគ្នាទៅនឹងទំនៀមទម្លាប់ វប្បធម៌នៃការរស់នៅរបស់ប្រជាពលរដ្ឋតំបន់អាស៊ានផងដែរ៕