(ឆាងសា)៖ Fresh News និងថ្នាក់ដឹកនាំប្រព័ន្ធផ្សព្វផ្សាយពិភពលោក បានទៅទស្សនាស្ពានក្រហម ឆ្លងកាត់ទន្លេ Xiang Jiang ដែលទន្លេនេះហូរកាត់ខេត្ត Hunan និងជួបជាមួយទន្លេ Changjiang ដែលហូរពីភាគខាងលិចទៅខាងកើតប្រទេសចិន។

ស្ពានក្រហមនេះមានឈ្មោះថា ស្ពាន Zhuzhou Qingshuitang គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយក្នុងការផ្លាស់ប្តូរទីតាំង និងការផ្លាស់ប្តូរតំបន់ឧស្សាហកម្មចាស់ Qingshuitang ក្នុងទីក្រុង Zhuzhou ។ វិនិយោគ សាងសង់ និងដំណើរការដោយ CCCC THIRD HARBOR ENGINEERING CO., LTD ដោយបម្រើជាសរសៃឈាមថ្មីនៃតំបន់ឧស្សាហកម្មចាស់ ខណៈស្ពាននេះចាប់ផ្តើមពីមហាវិថី Qingshuitang Avenue នៅភាគខាងជើង លាតសន្ធឹងលើផ្លូវ Qingxia ឆ្លងកាត់ទន្លេ Xiang ដើម្បីតភ្ជាប់ ជាមួយផ្លូវ Zhujiang North Road ។

ផ្លូវ​នេះ​មាន​ប្រវែង​សរុប ២,៨៥​គីឡូម៉ែត្រ ដោយ​ផ្នែក​ស្ពាន​មាន​ប្រវែង ២,១៧៥​ម៉ែត្រ។ នេះបើតាមលោក Zha Changmiao អ្នកគ្រប់គ្រងទូទៅនៃនាយកដ្ឋានវប្បធម៌សាជីវកម្ម និងជានាយកមជ្ឈមណ្ឌលព័ត៌មាន CCCC។

ប្រវែងសរុបនៃស្ពាននេះគឺ ៤០៨ ម៉ែត្រដែលជាប់ចំណាត់ថ្នាក់ទី៦ នៅលើពិភពលោកនិងទី៣ នៅក្នុងប្រទេសចិនក្នុងចំណោមស្ពានស្រដៀងគ្នា។

វាត្រូវបានប្រជាជនក្រុង Zhuzhou សរសើរថាជា «ស្ពានដ៏ស្រស់ស្អាតបំផុតនៅលើទន្លេ Xiang»។ វា​បាន​ក្លាយ​ជា​ទី​តាំងដ៏​ពេញ​និយម​មួយ​ទៀត​សម្រាប់​អ្នក​ទេសចរ​នៅ​ក្នុង​ក្រុង Zhuzhou។

ក្រុមការងារសាងសង់ CCCC THIRD HARBOR ENGINEERING CO.,LTD. បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវតម្រូវការរបស់គណៈកម្មាធិការបក្ស និងរដ្ឋាភិបាលក្រុង Zhuzhou ដោយប្រកាន់ខ្ជាប់នូវគោលគំនិតនៃការគ្រប់គ្រង «ការគ្រប់គ្រងល្អ ការកែលម្អជាបន្ត» និងបានជំរុញដោយជោគជ័យសម្រាប់ស្ពាននេះ និងត្រូវបានបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២៣។

បន្ទាប់មកទៀត Fresh News និងថ្នាក់ដឹកនាំប្រព័ន្ធផ្សព្វផ្សាយពិភពលោក បានទៅទស្សនាឧទ្យានឧស្សាហកម្មផលិតភាពឆ្លាតវៃឌីជីថល Qingshuitang (The Qingshuitang Digital Intelligent Manufacturing Industrial Park) ដែលនៅក្បែរស្ពាន។ ទោះមិនទាន់រួចរាល់ ឧទ្យាននេះមានអ្នកទៅទស្សនាយ៉ាងច្រើន។

សូមជម្រាបថា People's Daily ដែលជាកាសែតផ្លូវការ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អញ្ជើញមេដឹកនាំនៃបណ្តាប្រព័ន្ធផ្សព្វផ្សាយនានា លើពិភពលោកចំនួន៧៥ ដើម្បីចូលរួមបេសកកម្មនៅចិន ពាក់ព័ន្ធ ខ្សែក្រវាត់ និងផ្លូវ BRI ខណៈ Fresh News ជាបណ្តាញព័ត៌មាននៅកម្ពុជាតែមួយគត់ ដែលត្រូវបានអញ្ជើញ៕