Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធ្លាក់រថយន្តក្រុងពីលើភ្នំ សម្លាប់មនុស្ស ៣៣នាក់ នៅនេប៉ាល់ និងអ្នកធ្វើដំណើរ ៣៥នាក់ទៀតទទួលរងរបួស

15-08-2016 23:51

(នេប៉ាល់)៖ យ៉ាងហោចណាស់មនុស្សចំនួន៣៣នាក់ ត្រូវបានសម្លាប់ នៅថ្ងៃចន្ទនេះ គ្រាដែលរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បានធ្លាក់ពីលើផ្លូវ ហើយបានបន្តធ្លាក់ចុះពីលើ​ភ្នំមួយ នៅក្នុងស្រុក Kavrepalanchok ប្រទេសនេប៉ាល់។ នេះបើតាមការឲ្យដឹងពីក្រុមអាជ្ញាធរក្នុងតំបន់ ចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ។

លោក Bhim Kanta Sharma អនុប្រធានការិល័យមន្រ្តីស្រុក បានឲ្យដឹងថា មានក្រុមអ្នកធ្វើដំណើរ ៣៥នាក់ទៀត បានទទួលរងរបួស ហើយកំពុងត្រូវបានបញ្ជូនតាមឧទ្ធម្ភាគចក្រ ទៅកាន់រដ្ឋធានី Kathmandu ដើម្បីទទួលការព្យាបាល ដែលមានចម្ងាយប្រមាណ៧០គីឡូម៉ែត្រ ពីកន្លែងកើតហេតុ។

លោកបញ្ជាក់ថា ចំនួននៃអ្នកស្លាប់ អាចនឹងមានការកើនឡើង។ «សាកសពបាននៅរ៉ាយប៉ាយលើភ្នំ បណ្តាលឲ្យក្រុមមន្ត្រីសន្តិសុខ មានការលំបាកក្នុងការប្រមូលសាកសព និងជួយសង្គ្រោះជនរងគ្រោះ» នេះបើតាមសម្តីលោក Sharma។

មូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះថ្នាក់នេះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយនោះទេ។ រថយន្តក្រុងនេះ បានធ្លាក់ប្រមាណជាង៣០០ម៉ែត្រ ចុះពីលើភ្នំ៕