(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានដាស់តឿនដល់ក្រុមប្រឹក្សាស្រុក ឃុំ ទូទាំងស្រុកភ្នំក្រវាញ ទោះមកពីគណបក្សនយោបាយណាក៏ដោយ ត្រូវរួមសហការ សាមគ្គី និងឯកភាពគ្នា ឈរលើគោលដៅរួមមួយ ក្នុងការគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឈោងចាប់យកសមិទ្ធផល ជាប្រយោជន៍សង្គមជាតិ និងប្រជាជន ក៏ដូចជាការអភិវឌ្ឍន៍នៅមូលដ្ឋានរបស់ខ្លួន។

លោក ខូយ រីដា បានដាស់តឿនបែបនេះ នៅសាលប្រជុំការិយាល័យអប់រំស្រុកភ្នំក្រវាញ ក្នុងឱកាសជួបសំណេះសំណាល​ ជាមួយក្រុមប្រឹក្សាស្រុក​ និងក្រុមប្រឹក្សាឃុំ​ ទូទាំងស្រុក ចំនួន៥៧រូប ដោយបានការចូលរួមពី ក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ គណៈអភិបាលស្រុក និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។

នាឱកាសនោះដែរ លោក ខូយ រីដា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោក លោកស្រី ក្នុងជួរក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំទាំង៦ នៃស្រុកភ្នំក្រវាញ ចំនួន៥៧រូប ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញការងារ បម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងរយៈពេលកន្លងមក ប្រកបដោយភាពកក់ក្តៅ និងជឿជាក់ មកលើប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាការពិតណាស់ថា ស្រុកភ្នំក្រវាញ គឺជាស្រុកទី៤ហើយ ដែលលោកបានបន្តជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំ ខណៈដែលស្រុកក្រគរ ស្រុកបាកាន និងស្រុកកណ្តៀង ទើបនឹងបញ្ចប់រួច។

លោកអភិបាលខេត្តរូបនេះ បានបន្តថា ក្នុងយន្តការដឹកនាំខេត្តពោធិ៍សាត់ បានជិត១ឆ្នាំមកនេះ គឺលោកមានមហិច្ឆតា អភិវឌ្ឍន៍ខេត្តកំណើតរបស់លោក ឱ្យមានការរីកចម្រើនឡើងជាលំដាប់ ដែលកិច្ចការទាំងអស់នេះ គឺត្រូវការចូលរួម និងគាំទ្រ ពីសំណាក់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ទើបសម្រេចទៅបាន។

លោកសូមឲ្យលោក លោកស្រី ក្នុងជួរក្រុមប្រឹក្សាស្រុក ឃុំ ទូទាំងស្រុកភ្នំក្រវាញ ត្រូវមានការខិតខំប្រឹងប្រែង និងសាមគ្គីភាពផ្ទៃក្នុង ប្រកបដោយឆន្ទៈតែមួយ ក្នុងស្មារតីទទួលខុសត្រូវរួម នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងការងារសេដ្ឋកិច្ចសង្គម ដែលធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន កាន់តែល្អប្រសើឡើងបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របច្ចកោណ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញកន្លងមកនេះ។ ជាមួយគ្នានោះ ត្រូវបន្តអនុវត្តតួនាទីភារកិច្ច ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងត្រូវខិតខំដោះស្រាយទំនាស់នៅមូលដ្ឋាន ឱ្យអស់លទ្ធភាព ក្នុងករណីដោះស្រាយមិនចេញ ត្រូវរាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីមានវិធានការដោះស្រាយឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានោះ លោកក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តថែរក្សាសុខភាព ដើម្បីមើលការអភិវឌ្ឍន៍នៅពេលខាងមុខ និងត្រូវផ្សព្វផ្សាយ ព្រមទាំងចលនាឱ្យប្រជាពលរដ្ឋចូលរួមសម្អាតបរិស្ថាន ធ្វើយ៉ាងណាឲ្យភូមិដ្ឋានរបស់យើង មានអនាម័យបរិស្ថានល្អ និងមានផាសុកភាពល្អ។

ឆ្លៀតក្នុងឱកាសនោះ លោក ខូយ រីដា ក៏បានដឹកនាំប្រតិភូក្រុមការងារ ចុះពិនិត្យ និងដោះស្រាយដោយផ្ទាល់ ជុំវិញករណីប្រជាពលរដ្ឋ ចំនួ១០គ្រួសារ ដែលរស់នៅភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ លើដីបម្រុងទុករបស់រដ្ឋ (រោងម៉ាស៊ីនចាស់) ផងដែរ៕