(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ បានទទួលលិខិតរបស់លោក ស្រី ចំរើន ស្នើសុំដឹកនាំក្រុមអ្នកតវ៉ាប្រឆាំងនឹងការវិលត្រឡប់របស់ លោក ហុង លីម មកកម្ពុជា នេះបើយោងតាមលោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ថ្លែងបញ្ជាក់មកកាន់អង្គភាព Fresh News នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ។
អ្នកនាំពាក្យរូបនោះបានបញ្ជាក់បន្ថែមថា លោក ស្រី ចំរើន បានដាក់លិខិតមកកាន់សាលារាជធានីភ្នំពេញ ដើម្បីស្នើសុំដឹកនាំក្រុមអ្នកតវ៉ា ដើម្បីប្រឆាំងនឹងលោក ហុង លីម បន្ទាប់ពីបានទទួលដំណឹងថា លោក ហុង លីម នឹងចូលមកកាន់កម្ពុជា។
សូមជំរាបថា នាពេលថ្មីៗនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសថ្កោលទោសយ៉ាងខ្លាំង ចំពោះការលើកឡើងរបស់ លោក ហុង លីម តំណាងរាស្រ្តអូស្រ្តាលី មានសញ្ជាតិខ្មែរ ដែលបានហៅរបបក្នុងប្រទេសកម្ពុជា ជារបបតិរច្ឆាន ហើយលោក ហុង លីម ក៏ត្រូវបានចាត់ទុកជា «ជនមិនត្រូវបានស្វាគមន៍» ដែលមានន័យថា នឹងមិនអនុញ្ញាតឲ្យចូលប្រទេសកម្ពុជានោះឡើយ។
ក្រសួងការបរទេសបានចាត់ទុកថា ការបកស្រាយរបស់ លោក ហុង លីម តាមវិទ្យុអាស៊ីសេរី គឺជាការនិយាយបង្ខូចកិត្តិយស ដែលផ្ទុយទាំងស្រុងពីការពិត ជាក់ស្តែងនៅកម្ពុជា ហើយក្រសួងសង្ឃឹមថា ការលើកឡើងនេះគ្រាន់តែជាការបញ្ចេញមតិរបស់ លោក ហុង លីម ដែលមិនឆ្លុះបញ្ចាំងពីការយល់ឃើញ របស់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលីឡើយ៕