(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានដឹកនាំក្រុមការងារអញ្ជើញចូលជួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋម​ន្រ្តី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន ដើម្បីធ្វើបច្ចុប្បន្នភាពលើអនុស្សរណៈនៃការយោគយល់រវាងក្រសួងព័ត៌មាន និងក្រុមមេធាវីរបស់រាជរដ្ឋាភិបាល លើកិច្ចការពារផ្លូវច្បាប់ដល់អ្នកសារព័ត៌មាន។

ជំនួបពិភាក្សាការងារនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នាសាលប្រជុំមេធាវីរាជរដ្ឋាភិបាល នៃទីស្តីការគណ:រដ្ឋមន្ត្រី។

លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា មានប្រសាសន៍ថា ដើម្បីធានាប្រសិទ្ធភាពលើកិច្ចការពារផ្លូវច្បាប់ ដល់អ្នកសារព័ត៌មានដែលប្រកបវិជ្ជាជីវៈ ត្រឹមត្រូវស្របតាមលក្ខខណ្ឌកំណត់ដោយច្បាប់ ក្នុងពេលបំពេញការងារវិជ្ជាជីវៈរបស់ខ្លួនអោយបានកាន់តែល្អ លោករដ្ឋមន្រ្តី បានគោរពស្នើសុំ លោកទេសរដ្ឋមន្ត្រី គី តិច មេត្តាពិនិត្យលទ្ធភាពធ្វើបច្ចុប្បន្នភាព លើអនុស្សរណៈនៃការយោគយល់ រវាងក្រសួងព័ត៌មាន និង ក្រុមមេធាវីរបស់រាជរដ្ឋាភិបាល លើកិច្ចការពារផ្លូវច្បាប់ដល់អ្នកសារព័ត៌មាន ដែលប្រកបវិជ្ជាជីវៈត្រឹមត្រូវតាមផ្លូវច្បាប់។

លោករដ្ឋមន្រ្តី បានគួសបញ្ជាក់ថា ក្នុងអាណត្តិរាជរដ្ឋាភិបាលទី៧ នេះ ក្រសួងព័ត៌មាន នឹងរៀបចំធ្វើអោយវិស័យសារព័ត៌មាន ក្លាយទៅជាវិស័យអាទិភាព ដើរតូនាទីសំខាន់ជាសំលេងរបស់កម្ពុជា មានន័យថា សារព័ត៌មានទាំងអស់ មានតូនាទីក្នុងការជួយផ្សព្វផ្សាយពីកម្ពុជា ទៅប្រជាជន ទៅពិភពលោក។

ក្រសួងក៏បានផ្តោតទៅលើការធ្វើទំនើបកម្មស្ថាប័ន សំដៅអគារសំភារៈ សម្រាប់បំរើការងារប្រចាំថ្ងៃ និងទំនើបកម្មសមត្ថភាព របស់មន្រ្តី និងអ្នកយកព័ត៌មាន ស្របតាមការផ្លាស់ប្តូរ និងការវិវត្តន៍របស់សង្គម ។ ការធ្វើទំនើបកម្មនេះមិនត្រឹមតែក្នុងក្របខណ្ឌក្រសួងព័ត៌មាន នោះទេគឺសម្រាប់អ្នកសារព័ត៌មានជារួម ក៏ត្រូវធ្វើទំនើបកម្មផងដែរ ដោយក្រសួងបាន ដាក់អោយដំណើរការឡើងវិញនូវមជ្ឍមណ្ឌលបណ្តុះបណ្តាលវិក្រឹត្យការសារព័ត៌មាន ដើម្បីជាការពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មាន សម្រាប់មានមូលដ្ឋានរឹងមាំក្នុងការផលិត និងសរសេរអត្ថបទព័ត៌មានដែលមានគុណភាព។
ជាមួយនេះដែរក្រសួងព័ត៌មាន ក៏បានផ្តោតលើផ្នែកនីតិកម្មផងដែរ ដោយបានជួបពិភាក្សាការងារជាមួយក្រុមអ្នកច្បាប់ទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យការធ្វើវិសោតនកម្មច្បាប់ស្តីពីរបបសារព័ត៌មានឡើងវិញ ហើយរួមទាំងដំណើរការរៀបចំសណ្តាប់ធ្នាប់នៅក្នុងវិស័យសារព័ត៌មាន ព្រោះមិនទាន់មានក្រមសីលវិជ្ជាជីវៈ ដែលមានស្តង់ដារួមមួយនោះនៅឡើយទេ ។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ពីជំហរក្នុងការពង្រឹងកិច្ចសហការដែលមានស្រាប់ ជាមួយក្រុមការងារមេធាវីរាជរដ្ឋាភិបាល ហើយត្រៀមរៀបចំ អនុស្សរណព MOU រួមគ្នាដើម្បីឱ្យស្របនឹងនីតិវិធី ដែលបង្ហាញឱ្យឃើញពីការគាំពារ និងលើកស្ទួយសេរីភាពសារព័ត៌មាន។

លោកទេសរដ្ឋមន្ត្រី គី តិច មានប្រសាសន៍លើកពីសាវតានៃក្រុមការងារមេធាវីរាជរដ្ឋាភិបាល បានសហការជាមួយ ក្រសួងព័ត៌មាន តាំងពីរដ្ឋមន្រ្តីអាណត្តិមុន ហើយសម្រាប់អាណត្តិថ្មីនេះ គឺជាបន្តកិច្ចសហការល្អជាមួយគ្នាបន្តទៀត ដើម្បីរួមគ្នាគាំពារផ្នែកច្បាប់ដល់អ្នកសារព័ត៌មាន ដែលប្រកបវិជ្ជាជីវៈត្រឹមត្រូវតាមផ្លូវច្បាប់ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ កាលពីនៅជានាយករដ្ឋមន្រ្តី ដែលអនុញ្ញាត្តអោយក្រុមមេធាវី សម្តេចជួយដល់អ្នកសារព័ត៌មាន ដែលបំពេញការងារបានត្រឹមត្រូវ។

ទេសរដ្ឋមន្រ្តី គី តិច បានឯកភាពធ្វើការពិភាក្សាលំអិតលើកិច្ចការងារសំខាន់ៗ ដើម្បីអាចឈានទៅធ្វើការចុះអនុស្សរណៈនៃការយោគយល់ រវាងក្រុមមេធាវីរបស់រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន លើកិច្ចការពារផ្លូវច្បាប់ដល់អ្នកសារព័ត៌មាន ។ ជាមួយនេះក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន នៅតែបំពេញការងារ ឱ្យតែមានការស្នើសុំ ត្រឹមត្រូវតាមក្រមសីលធម៌ វិជ្ជាជីវៈ។

សម្រាប់មេធាវីរាជរដ្ឋាភិបាល ប្រសិនបើមានតម្រូវការ និងមានការស្នើសុំពីក្រសួងព័ត៌មាន គឺយើងនឹងចូលរួមជួយដល់កិច្ចការងារទាំងនេះអោយដំណើរការទៅបានល្អ៕