(ម៉ៅថាយ)៖ តំណាងបណ្តាញព័ត៌មាន Fresh News ពីប្រទេសកម្ពុជា និងថ្នាក់ដឹកនាំប្រព័ន្ធផ្សព្វផ្សាយពិភពលោក ដែលពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បានទៅទស្សនាកន្លែងផលិតស្រាម៉ៅថាយ (Moutai) បុរាណ និងរោងចក្របច្ចុប្បន្ន ដែលនេះជាស្រាចិន មានប្រវត្តិ ២០០០ឆ្នាំ។

Maotai បានក្លាយជាស្រាចិនដំបូងគេដែលផលិតក្នុងផលិតកម្មទ្រង់ទ្រាយធំបំផុត។ រដ្ឋាភិបាលកុម្មុយនិស្តបានបង្រួបបង្រួមរោងចក្រចម្រាញ់ក្នុងស្រុកជាច្រើន ចូលទៅក្នុងក្រុមហ៊ុនរដ្ឋចំនួន ១គឺ Kweichow Moutai។

កន្លែងផលិត មានទីតាំងនៅខេត្ត Guizhou ភាគនិរតីនៃប្រទេសចិន ដែលជាកន្លែងលក់ស្រាមានប្រពៃណីដ៏យូរលង់ណាស់មកហើយ។

តំណាងក្រុមហ៊ុនផលិតស្រា Moutai ដ៏ល្បីបំផុតរបស់ចិន បានថ្លែងប្រាប់ថា បុគ្គលិក Fresh News ដែលកំពុងទស្សនានៅរោងចក្រ Moutai ឲ្យដឹងថា ក្នុងមួយឆ្នាំៗ មានស្រា Moutai ចំនួនដល់ទៅ ៧០.០០០.០០០តោន (៧០លានតោនលីត្រ) ត្រូវបានលក់ ខណៈ១តោនស្មើនឹង ២.០០០ដប (២ពាន់ដប) ហើយមានតម្លៃស្រាធម្មតា ១៤៩៩លុយយ័នចិន ក្នុងមួយដប (គិតជាដុល្លារប្រមាណ២០០ដុល្លារអាមេរិក) សម្រាប់ស្រាធម្មតា, ប៉ុន្តែ Moutai មានស្រាតម្លៃថ្លៃៗរហូតដល់រាប់ពាន់ដុល្លារ និងរាប់ម៉ឺនដុល្លារ។

កន្លែងផលិតស្រា Moutai មានឈ្មោះថា ទីក្រុង Moutai ហើយគ្រប់កន្លែងសុទ្ធតែផ្លាក Moutai ខណៈអាកាសយានដ្ឋាន និងសណ្ឋាគារ ក៏ដាក់ឈ្មោះថា Moutai ផងដែរ ដើម្បីសម្គាល់និមិត្តសញ្ញាភូមិសាស្ត្រ។ Moutai ជាក្រុងមានដីលក្ខណៈខ្ពង់រាប ដែលមានមនុស្សប្រមាណត្រឹមតែ ៦៥.០០០ នាក់ដែលកំពុងរស់នៅទីនេះ។

តំបន់នេះ គឺជាកន្លែងតែមួយគត់សម្រាប់ផលិតស្រា Moutai ដែលមានប្រវត្តិតាំងពីបុរាណ ដោយសារតែទន្លេ Chishui គឺជាប្រភពទឹកពិសេស ហើយប្រសិនបើស្រា Moutai ប្រើទឹកធម្មតា រសជាតិនឹងមិនឆ្ងាញ់ទេ។ ការផលិតស្រា ១វគ្គ ត្រូវចំណាយពេល ៥ឆ្នាំ ដែលគ្រឿងផ្សំគឺ ​ពោត​ក្រហម​ (Red Sorghum) ដែល​ផលិត​ក្នុង​ស្រុក (គ្រាប់​ធញ្ញជាតិ​តូច​ដែល​សម្បូរ​ទៅ​តានីន) ស្រូវ​សាលី និង​ទឹក។

សូមជម្រាបថា People's Daily ដែលជាកាសែតផ្លូវការ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អញ្ជើញមេដឹកនាំនៃបណ្តាប្រព័ន្ធផ្សព្វផ្សាយនានា លើពិភពលោកចំនួន៧៥ ដើម្បីចូលរួមបេសកកម្មនៅចិន ពាក់ព័ន្ធ ខ្សែក្រវាត់ និងផ្លូវ BRI ខណៈបណ្តាញព័ត៌មាន Fresh News ជាបណ្តាញព័ត៌មាននៅកម្ពុជាតែមួយគត់ ដែលត្រូវបានអញ្ជើញ៕