(ភ្នំពេញ)៖ លើកឡើងក្នុងឱកាសបើកវេទិកាភ្នំពេញ លើកទី២ ស្តីពី «អប្បភាគីនិយម មជ្ឈភាពអាស៊ាន និងការប្រកួតប្រជែងមហាអំណាច» ដែលរៀបចំដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា ចូលមកដល់សត្សវត្សន៍នេះ ពិភពលោកបានឈានចូលមកដល់ប្រវត្តិសាស្ត្រនៃសង្គ្រាមត្រជាក់ទៀតហើយ ហើយវាក៏នឹងអាចក្លាយទៅជាសង្គ្រាមលោកលើកទី៣ នៅពេលខាងមុខក៏អាចកើតមានឡើងផងដែរ។

វេទិកាភ្នំពេញលើកទី២ ស្តីពី «អប្បភាគីនិយម មជ្ឈភាពអាស៊ាន និងការប្រកួតប្រជែងមហាអំណាច» ធ្វើឡើងនៅព្រឹកថ្ងៃទៅ២៥ ខែតុលា ឆ្នាំ២០២៣នេះ បានប្រមូលផ្តុំវាគ្មិន និងអ្នកចូលរួមជាអ្នកជំនាញ អ្នកសិក្សាស្រាវជ្រាវ បញ្ញវន្តមកស្ថាប័នធនាគារខួរក្បាល និងសាកលវិទ្យាល័យ មកពីក្នុងនិងក្រៅតំបន់អាស៊ី និងតំណាងក្រសួង ស្ថាប័នមួយចំនួននៃកម្ពុជា ជាច្រើននាក់ រួមទាំងមានអ្នកចូលរួមទាំងអស់មកពីបណ្តាប្រទេសអាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គ ក៏ដូចជាប្រទេសជិតខាង និងប្រទេសពាក់ព័ន្ធដទៃទៀត ដើម្បីរួមគ្នាធ្វើការរួមគ្នា និងលើកកម្ពស់ទំនាក់ទំនងរបស់ពួកគេជាមួយនឹងការពង្រឹងតម្លាភាព និងគណនេយ្យភាព និងលើកកម្ពស់សមត្ថភាពរបស់រដ្ឋាភិបាលក្នុងការឆ្លើយតបទៅនឹងតម្រូវតាមការថ្មីរបស់អ្នកពាក់ព័ន្ធខាងក្រៅនិងក្នុងស្រុក ដើម្បីមានការចូលរួមជាសាធារណៈកាន់តែទូលំទូលាយឡើង។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ដូចនេះថា «យើងឈានចូលមកដល់សត្សវត្សន៍នេះ វាឈានចូលមកដល់ប្រវត្តិសាស្ត្រនៃសង្គ្រាមប្រជាក់ទៀតហើយ ហើយវាក៏នឹងអាចក្លាយទៅជាសង្គ្រាមលោកលើកទី៣ នៅពេលខាងមុខក៏អាចកើតមានឡើងផងដែរ»។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងបញ្ជាក់ទៀតថា ពិភពលោកសព្វថ្ងៃ បានប្រែក្លាយទោជាប្រវត្តិសាស្ត្រថ្មីមួយ ដែលយើងទាំងអស់គ្នានឹងរង់ចាំមើល ហើយបើយើងប្រឡេកទៅមើលប្រវត្តិសាស្ត្រ យើងឃើញថា មហាអំណាចជាអ្នកចាត់ចែងជោគវាសនាពិភពលោកនេះ មហាអំណាចជាអ្នកបំផ្លាញនៃបរិស្ថានពិភពលោក ហើយមហាអំណាចក៏ជាអ្នកបំផ្លាញសេចក្តីសុខរបស់ពិភពលោកដែរ ដែលជាការពិតសង្គ្រាមលោកលើកទី១ ចាប់ផ្តើមនៅឆ្នាំ ១៩១៤ ហើយបានចប់នៅឆ្នាំ១៩១៨ សង្គ្រាមលោកលើកទី១ ចាប់ផ្តើមនៅឆ្នាំ ១៩៣៩ ហើយបានចប់នៅឆ្នាំ១៩៤៥។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបន្ថែមដែរថា ក្រោយសង្គ្រាមលោកលើកទី២ បានបញ្ចប់ ពិភពលោកបានបង្កើតនូវសង្គ្រាមត្រជាក់មួយទៀត ដោយកូរ៉េខាងជើង បានវាយចូលកូរ៉េខាងត្បូង ដោយគ្មានការប្រកាសបានបង្កើតជាសោកនាដកម្ម រវាងកូរ៉េខាងជើង និងខាងត្បូងដោយសារនយោបាយនៃប្រទេសមហាអំណាច ហើយកម្ពុជាក៏ដូចគ្នាដែរ កម្ពុជាស្រក់ទឹកភ្នែកដោយសារសហរដ្ឋអាមេរិក បានប្រែក្លាយកម្ពុជា វៀតណាម និងឡាវ ជាទីលានសម្រាប់ការរត់ប្រណាំងនៃមនោគមន៍ កុម្មុយនីស្តនិយម និងមូលធននិយម ដែលទាំងអស់នេះបានបង្ហាញនូវសក្ខីកម្មដែលឱ្យប្រវត្តិសាស្ត្រចង់ចាំ ហើយត្រូវតែកុំបំភ្លេចឱ្យសោះ៕