(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញបើកវេទិកាភ្នំពេញ លើកទី២ ស្តីពី «អប្បភាគីនិយម មជ្ឈភាពអាស៊ាន និងការប្រកួតប្រជែងមហាអំណាច» នៅសាលមរតកសិល្បៈខ្មែរ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា រាជធានីភ្នំពេញ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ដោយសារតែប្រទេសធ្លាប់ឆ្លងកាត់រឿងសង្គ្រាមជាច្រើនហើយនោះ កម្ពុជា បានប្រើប្រាស់ពាក្យសន្តិភាព ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការ កសាងសេដ្ឋកិច្ច និងវប្បធម៍ប្រទេសឡើងវិញ។

វេទិកាភ្នំពេញ លើកទី២ ស្តីពី «អប្បភាគីនិយម មជ្ឈភាពអាស៊ាន និងការប្រកួតប្រជែងមហាអំណាច» ធ្វើឡើងនៅព្រឹកថ្ងៃទៅ២៥ ខែតុលា ឆ្នាំ២០២៣នេះ ដែលបានរៀបចំឡើងដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងបានប្រមូលផ្តុំវាគ្មិន និងអ្នកចូលរួមជាអ្នកជំនាញ អ្នកសិក្សាស្រាវជ្រាវ បញ្ញវន្តមកស្ថាប័នធនាគារខួរក្បាល និងសាកលវិទ្យាល័យ មកពីក្នុងនិងក្រៅតំបន់អាស៊ី និងតំណាងក្រសួង ស្ថាប័នមួយចំនួននៃព្រះរាជាណាចក្រកម្ពុជាជាច្រើននាក់ផងដែរ។

វេទិកាភ្នំពេញនេះ មានអ្នកចូលរួមទាំងអស់មកពីបណ្តាប្រទេសអាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គ ក៏ដូចជាប្រទេសជិតខាង និងប្រទេសពាក់ព័ន្ធដទៃទៀត ដើម្បីរួមគ្នាធ្វើការរួមគ្នា និងលើកកម្ពស់ទំនាក់ទំនងរបស់ពួកគេ ជាមួយនឹងការពង្រឹងតម្លាភាព និងគណនេយ្យភាព និងលើកកម្ពស់សមត្ថភាពរបស់រដ្ឋាភិបាលក្នុងការឆ្លើយតបទៅនឹងតម្រូវតាមការថ្មីរបស់អ្នកពាក់ព័ន្ធខាងក្រៅនិងក្នុងស្រុក ដើម្បីមានការចូលរួមជាសាធារណៈកាន់តែ ទូលំទូលាយឡើង។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងដូចនេះថា «នៅពេលដែលនិយាយពីរឿងសិទ្ធមនុស្ស និងកុមារ យើងបាននឹកឃើញដល់រឿងម៉ីសីល បានទៅបុកនឹងមន្ទីរពេទ្យនៅក្នុងតំបន់ហ្កាហ្សា របស់ប៉ាឡេស្ទីន ដែលធ្វើឱ្យកុមារប្រមាណ ២ពាន់នាក់បានស្លាប់ តើនេះឬគឺជាសិទ្ធិមនុស្ស ឬលទ្ធិប្រជាធិបតេយ្យ? ហេតុនេះហើយបានជាកម្ពុជា ប្រើប្រាស់ពាក្យសន្តិភាព ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការកសាងសេដ្ឋកិច្ច និងវប្បធម៌ប្រទេសឡើងវិញ ពីព្រោះកម្ពុជាបានឆ្លងកាត់រឿងសង្គ្រាមនេះរួចហើយ»

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ទៀតថា​ ពាក្យថាសង្គ្រាម មានតែសម្រក់ទឹកភ្នែក សង្គ្រាមមានតែបង្ហូរឈាម សង្គ្រាមមានតែការបែកបាក់ ហើយសង្គ្រាមមានតែទុកសោកវេទនា ដែលមានប្រទេសជាច្រើនសុទ្ធតែបានឃើញទាំងអស់គ្នា ហើយបច្ចុប្បន្ននេះសង្គ្រាមដែលកំពុងកើតមានឡើងនៅលើពិភពលោកនេះមានដូចជា សង្គ្រាម រុស្ស៉ី- អ៊ុយក្រែន, សង្គ្រាមនៅមជ្ឈិមបូព៌ា របស់អ៉ីស្រាអែល និងប៉ាឡេស្ទីន, សង្គ្រាមនៅអាហ្វ្រិក និងនៅតែមានសង្គ្រាមបន្តទៅទៀត។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានឱ្យដឹងដែរថា សង្គ្រាមច្រើនកើតចេញពីប្រទេសមហាអំណាច ហើយដោយសារផលប្រយោជន៍របស់ខ្លួន ប្រទេសមហាអំណាចតែងតែយកប្រទេសតូចតាចជាតាបប៊ីយៀរ សម្រាប់កម្សាន្តនៃអាវុធរបស់ខ្លួន និងសាកមនោគមន៍របស់ខ្លួន ជាក់ស្តែង កម្ពុជានឹងអាមេរិក នៅពេលដែលកម្ពុជាប្រឆាំងជាមួយរុស្ស៉ី រឿងអ៊ុយក្រែន កម្ពុជាអត់មានកន្លែងចិនទេ នៅសមុទ្ររាម ហើយគ្រាន់តែអាមេរិកមិនពេញចិត្តភ្លាម ថាកម្ពុជាសង់ផែរាមទុកឱ្យចិន តែអាមេរិកមិនបានមើលវៀមណាម មើលរឿងទាហ៊ានអាមេរិក នៅហ្វីលីពីន និងប្រទេសផ្សេងៗទៀតនោះតេ មើលតែកម្ពុជា ដូចនេះអាស៊ានគួរតែដឹងនៅក្នុងរឿងនេះ។

គួរបញ្ជាក់ថា វេទិកាភ្នំពេញលើកទី២ មានគោលបំណងដូចខាងក្រោម៖

១៖ ពិនិត្យលើការផ្លាស់ប្តូរតុល្យភាពនៃថាមភាពមហាអំណាច ទាំងក្នុងកម្រិតតំបន់ និងសកលលោក និងបញ្ជាក់ពីអធិបតេយ្យភាពនិងផលប្រយោជន៍ជាតិរបស់ប្រទេសសមាជិកអាស៊ាន។
២៖ លើកកម្ពស់ការយល់ដឹងជាសាធារណៈលើការរីកសាយភាយនៃបច្ចេកវិទ្យានុយក្លេអ៊ែរនិងហានិភ័យខ្ពស់នៃការបង្កឱ្យមាន «ការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ»។
៣៖ ពិនិត្យមើលឡើងវិញនូវវិធីសាស្រ្តរបស់អាស៊ានឆ្ពោះទៅរកការវិវត្តនៃបញ្ហាប្រឈមភូមិសាស្ត្រនយោបាយ រួមជាមួយនឹងការគំរាមកំហែងសន្តិសុខថ្មីៗ ដូចជាភេរវកម្ម សង្គ្រាមតាមអ៊ីនធឺណិត និងការប្រែប្រួលអាកាសធាតុ។
៤៖ លើកកម្ពស់ការយល់ដឹងអំពីការវិវត្តថ្មីនៃនិន្នាការអប្បភាគីនិយមក្នុងតំបន់អាស៊ីប៉ាស៊ីហ្វ៊ិក។
៥៖ ជំរុញការចូលរួមរបស់យុវជននិងផ្តល់សំឡេងដល់ពួកគេ ព្រមទាំងអភិវឌ្ឍការគិតឯករាជ្យលើបញ្ហានយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌នាពេលបច្ចុប្បន្ន តាមរយៈការផ្តល់ឧបករណ៍ និងធនធាននានា៕