(ភ្នំពេញ)៖ គម្រោងប្រឹក្សាយោបល់ និងដំណោះស្រាយបច្ចេកទេសផ្នែកម្ហូបអាហារ (TASK PROGRAM) ដែលបានអនុវត្តចំនួន២ដំណាក់កាល ចាប់ឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣នេះ ទទួលបានជោគជ័យ ដោយបានជួយសហគ្រាសមួយចំនួនដែលមានទម្លាប់ផលិត និងកែច្នៃម្ហូបអាហារតាមបែបបុរាណ មកផលិតនិងច្នៃតាមស្តង់ដារ និងមានការទទួលស្គាល់ពីទីផ្សារជាតិ និងអន្តរជាតិ។
ថ្លែងក្នុងសិក្ខាសាលា ស្តីពីភាពជោគជ័យនៃការអនុវត្តគម្រោង TASK PROGRAM ដំណាក់កាលទី១ និងទី២នៅកម្ពុជា និងការផ្សព្វផ្សាយគម្រោងមជ្ឈមណ្ឌលស្រាវជ្រាវម្ហូបអាហារ សុវត្ថិភាព និងច្បាប់ម្ហូបអាហារ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅភោជនីយដ្ឋានទន្លេបាសាក់ លោក មាន សុភា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា កន្លងមក ការផលិតនិងកែច្នៃ របស់អាជីវករខ្មែរមួយចំនួន គឺធ្វើឡើងតាមបែបបុរាណ។ ក្រោយចូលរួមអនុវត្តគម្រោងTASK ក្រោមជំនួយរបស់ប្រទេសកូរ៉េ ដែលផ្តល់ចំណេះដឹងផលិត និងកែច្នៃម្ហូបអាហារតាមបច្ចេកវិទ្យាខ្ពស់ បានធ្វើឱ្យការផលិតនិងកែច្នៃម្ហូបអាហារ ឈានទៅដល់កម្រិតស្តង់ដារ អាចលក់ប្រកួតប្រជែងជាមួយម្ហូបអាហារនាំចូល ព្រមទាំងអាចជួយទប់ទល់ការហូរចូលនូវម្ហូបអាហារពីប្រទេសជិតខាងបានមួយកម្រិតផងដែរ។
លោកបន្តថា គម្រោង TASK Program ដំណាក់កាលទី១ បានចាប់ផ្ដើមដំណើរការនៅឆ្នាំ ២០១៨ ដល់ ២០២០ ដោយផ្តោតគោលដៅតែនៅរាធានីភ្នំពេញប៉ុណ្ណោះ ហើយដែលបានជ្រើសរើសសហគ្រាសម្ហូបអាហារឲ្យចូលរួមចំនួន១១ មូលដ្ឋាន ជ្រើសចេញពីសហគ្រាសប្រមាណ ១៥០ មូលដ្ឋាន ។
ដោយឃើញភាពជោគជ័យនៃគម្រោង TASK Program ដំណាក់កាលទី១ ភាគីកូរ៉េ តាមរយៈ វិទ្យាស្ថានស្រាវជ្រាវម្ហូប អាហារកូរ៉េ (KFRI) បានបន្តផ្តល់ការគាំទ្រ និងអនុវត្តគម្រោង TASK PROGRAM ដំណាក់កាលទី ២ ចាប់ពីឆ្នាំ ២០២១ ដល់២០២៣ ដោយបានពង្រីកវិសាលភាពទៅកាន់ខេត្ត បាត់ដំបង សៀមរាប និងរាជធានីភ្នំពេញ ក្នុងនោះមានការចូលរួមពីសហគ្រាស ពីខេត្តបាត់ដំបងចំនួន ៥ មូលដ្ឋាន ខេត្តសៀមរាប ចំនួន៥ មូលដ្ឋាន ដោយជ្រើសចេញពីសហគ្រាសប្រមាណ ៧០ មូលដ្ឋានក្នុងខេត្ត នីមួយៗ និងសហគ្រាសចំនួន ២មូលដ្ឋាន ទៀតក្នុងរាជធានីភ្នំពេញ ដែលធ្លាប់បានទទួលការអនុវត្តក្នុងដំណាក់កាលទី ដោយសហគ្រាសទាំង២ នោះបានកំពុងបន្តពង្រីកផលិតផលរបស់ខ្លួន ដែលតម្រូវឲ្យមានការគាំទ្រពីគម្រោងបន្ត។
លោកបន្តថា «ការបន្តជំរុញសុវត្ថិភាព គុណភាព ផ្នែកម្ហូបអាហារ គឺជាការគិតគូរជាអាទិភាពរបស់រាជរដ្ឋាភិបាល និងមានការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់ដៃគូអភិវឌ្ឍ និងបណ្តាភាគីពាក់ព័ន្ធទាំងអស់ ជាក់ស្ដែងគម្រោង TASK PROGRAM នេះដែលជាការគាំទ្រ ផ្នែកបច្ចេកទេសពី វិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារកូរ៉េ បានបង្កើនទំនុកចិត្តខ្ពស់សម្រាប់ទីផ្សារកូរ៉េ ក៏ដូចទីផ្សារក្នុងតំបន់ និងសកលលោកផងដែរ»។
លោកបានគូសបញ្ជាក់ថា តាមរយៈភាពជោគជ័យនៃការអនុវត្តគម្រោង TASK Program ទាំងពីរដំណាក់កាលនេះ នៅពេលដ៏ខ្លីនេះភាគីកូរ៉េ នឹងបន្តកិច្ចគាំទ្រតាមរយៈការផ្តល់ជំនួយ អភិវឌ្ឍផ្លូវការរបស់រដ្ឋាភិបាលកូរ៉េដល់រដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំបង្កើតជា មជ្ឈមណ្ឌលស្រាវជ្រាវម្ហូបអាហារកម្ពុជា ហៅកាត់ថា FTC ដែលនឹងចេញជារូបរាងពិតប្រាកដនាពេលខាងមុខដ៏ខ្លី ក្នុងការបម្រើសេវាកម្ម និងការចែករំលែកចំណេះដឹង ចំណេះធ្វើ និងអភិវឌ្ឍន៍សហគ្រាសប្រកបដោយចីរភាព តាមរយៈការផ្ដល់នូវសម្ភារៈបច្ចេកទេស គ្រឿងចក្រ គ្រឿងម៉ាស៊ីន សម្រាប់ផលិត និងអនុវត្តផ្ទាល់ រួមផ្សំ និងការបង្ហាត់បង្រៀន ការស្រាវជ្រាវ ការពិសោធន៍ ជូនដល់សហគ្រាសផលិត និងកែច្នៃម្ហូបអាហារនៅកម្ពុជា។ ភាគីកូរ៉ នឹងគាំទ្ររយៈពេល៥ឆ្នាំបន្តទៀត ចាប់ពីឆ្នាំ២០២៣ដល់២០២៧ ដើម្បីដោះស្រាយរាល់បញ្ហាផ្សេងៗ ដែលពាក់ព័ន្ធនឹងបច្ចេកទេស សុវត្ថិភាព ស្ដង់ដារ និងគុណភាព ការបង្កើតមុខផលិតផលថ្មី។
មុននឹងគម្រោងTASK Program បញ្ចប់នៅចុងឆ្នាំ២០២៣នេះ ភាគីកូរ៉េបានផ្ដល់ឱកាសដល់សហគ្រាសទាំង១២មូលដ្ឋាន បានទៅធ្វើទស្សនៈកិច្ចសិក្សា និងចូលរួមការរៀបចំការតាំងពិពណ៍ជាលក្ខណៈអន្តរជាតិ ផ្នែកឧស្សាហកម្មម្ហូបអាហារ ក៏ដូចជាមានការបង្ហាញផលិតផល បច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗ នៅសាធារណៈរដ្ឋកូរ៉េផងដែរ។
លោក មាន សុភា បានលើកទឹកចិត្តដល់ សហគ្រាសទាំង១២ ដែលត្រូវទៅធ្វើទស្សនៈកិច្ចសិក្សានៅប្រទេសកូរ៉េ សូមយកចិត្តទុកខ្ពស់ក្នុងការក្រេបជញ្ជក់ ចំណេះដឹង ជួយផ្សព្វផ្សាយផលិតផលរបស់ប្រទេសកម្ពុជា សម្រាប់ទីផ្សារកូរ៉េ និងអន្តរជាតិ និងខិតខំរៀនសូត្រយកចំណេះដឹង និងបទពិសោធន៍ថ្មីៗ មកពង្រីក និងពង្រឹង សហគ្រាសរបស់ខ្លួនឲ្យក្លាយជាសហគ្រាសគំរូ ដែលពោរពេញដោយទំនុកចិត្តសម្រាប់អតិថិជនស្រុក ក៏ ដូចសម្រាប់ទីផ្សារអន្តរជាតិផងដែរ ។
លោកបណ្ឌិត Kim Youngchan ប្រធានវិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារកូរ៉េ បានលើកឡើងថា ក្នុងការអនុវត្តគម្រោង TASK Program ក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ លោកបានចុះដោយផ្ទាល់ទៅ ខេត្តបាត់ដំបង សៀមរាប និងរាជធានីភ្នំពេញ ដោយបានជួយដោះស្រាយបញ្ហាប្រឈមរបស់ម្ចាស់អាជីវកម្មចំនួន២២ទីតាំង ទាក់ទងនឹងការផលិតចំណីអាហារ។
លោកបន្ថែមថា បើទោះបីជាគម្រោងនេះបានបញ្ចប់នៅចុងឆ្នាំនេះក៏ដោយ តែតាមរយៈគម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវម្ហូបអាហារកម្ពុជា ភាគីកូរ៉េ នឹងបន្តចូលរួមចំណែកលើកកម្ពស់ឧស្សាហកម្មចំណីអាហារនៅក្នុងប្រទេសកម្ពុជាបន្ត៥ឆ្នាំទៀត។
លោកលើកឡើងថា «យើងទាំងអស់គ្នានឹងព្យាយាមបង្កើតជាឱកាស ក៏ដូចជាជំរុញការងារនៅក្នុងគម្រោងនេះ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា ក៏ដូចជាសហគ្រាសនានាឱ្យត្រូវតាមតម្រូវការជាក់ស្តែង»៕