(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ដឹកនាំដោយព្រះរាជអាជ្ញារង គឹម ហុងសាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានចុះមកបង្រ្កាបករណីផលិតវីដេអូអាសអាភាស នៅចំណុចអគារខុនដូរមួយកន្លែង ផ្លូវ៣១០ ភូមិ២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។ ប្រតិបត្តិការនេះ កម្លាំងនគរបាលបានឃាត់មនុស្សចំនួន២៩នាក់ (ជនជាតិចិន និងខ្មែរ)។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចឡោមព័ទ្ធខុនដូរមួយកន្លែង កម្ពស់១៥ជាន់ ស្ថិតនៅចំណុចអគារលេខ៤៨ ផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅវេលាម៉ោង៨យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដោយឃាត់ជនជាតិចិនមួយក្រុម ដើម្បីធ្វើការសាកសួរ បន្ទាប់ពីបែកធ្លាយវីដេអូអាសអាភាស តាមបណ្ដាញទំនាក់ទំនងសង្គមថ្មីៗនេះ ក្រោយពីមាននារីរងគ្រោះ២នាក់ ដាក់ពាក្យបណ្ដឹងពីការបែកធ្លាយវីដេអូអាសអាភាស តាមបណ្ដាញសង្គមតេឡេក្រាម។

គួរបញ្ជាក់ថា ការចុះឃាត់ខ្លួនជនបរទេសខាងលើនេះ ដោយយោងតាមពាក្យបណ្តឹងស្រ្តីរងគ្រោះពីរនាក់ ដែលបានស្ម័គ្រចិត្តថតរឿងអាសអាភាសជាមួយជនបរទេស នៅលើអគារខុនដូកើតហេតុខាងលើ ក្រោយមកក៏ឃើញមានការបែកធ្លាយវីដេអូរឿងអាសអាភាសរបស់ខ្លួន ដែលថតជាមួយជនបរទេស នៅលើបណ្តោញសង្គមតេឡេក្រាម ហើយមានការចែកចាយជាច្រើន ទើបនារីរងគ្រោះទាំង២នាក់នោះ បាននាំគ្នាទៅដាក់ពាក្យបណ្តឹង នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

ក្រោយទួលបានពាក្យបណ្តឹងពីនារីរងគ្រោះទាំង២រួច កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បានចុះឆែកឆេរអគារខុនដូខាងលើ ព្រមទាំងឃាត់ខ្លួនជនបរទេសជាច្រើននាក់ រួមមាន សម្ភារផលិតរឿងមួយចំនួនទៀត នាំយកទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីសួរនាំ និងចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់៕