(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានលើកឡើងថា ដើម្បីបង្កលក្ខណៈសប្បាយរីករាយ និងដើម្បីធានាឱ្យដំណើរការពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ និងពិធីបុណ្យជាតិបន្តបន្ទាប់ ឲ្យប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ សូមឲ្យកម្លាំងសមត្ថកិច្ចទាំងអស់ បន្តខិតខំពង្រឹងសមត្ថភាព និងមានក្រមសីលធម៌ត្រឹមត្រូវ ម៉ឺងម៉ាត់ច្បាស់លាស់។ ជាមួយគ្នានោះ រដ្ឋបាលក្រុង ស្រុក និងមន្ទីរអង្គភាព ត្រូវសហការរៀបចំលម្អភ្លើងព័ណ៌ និងតុបតែងបដា នៅតាមដងផ្លូវសាធារណៈ សួនច្បារ និងទីតាំងប្រារព្ធពិធីបុណ្យអុំទូក ឲ្យបានត្រឹមត្រូវ និងស្អាតល្អ។

លោកអភិបាលខេត្ត បានលើកឡើងបែបនេះ នៅសាលប្រជុំជាន់ទី១ សាលាខេត្ត ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែតុលា ដោយបានការចូលរួមពីលោកអភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាលក្រុងស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងកិច្ចប្រជុំនេះ មានរបៀបវារៈ គឺសេចក្តីរាយការណ៍អំពីវឌ្ឍនភាព របស់អនុគណៈកម្មការនីមួយៗ នៃគណៈកម្មការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ សេចក្តីរាយការណ៍សំខាន់ៗ ពាក់ព័ន្ធការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គ្រឿងញៀន ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព សភាពការណ៍សន្តិសុខ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ និងសេចក្តីរាយការណ៍ អំពីបញ្ហាប្រឈមសំខាន់ៗ របស់រដ្ឋបាលស្រុក ក្រុង និងមន្ទីរអង្គភាព។

មានមតិដឹកនាំកិច្ចប្រជុំនាឱកាសនោះ លោក ខូយ រីដា បានជម្រាបជូនថា អ្វីដែលយើងត្រូវដោះស្រាយបញ្ហាចំពោះមុខនេះ គឺគ្រោះធម្មជាតិ បើទោះបីជាទឹកបានស្រកហើយក៏ដោយ ក៏បញ្ហានេះនៅតែជាបញ្ហាប្រឈមខ្ពស់។ ជាមួយគ្នានោះ ពិធីបុណ្យអុំទូកថ្នាក់ខេត្ត ដែលគ្រោងនឹងរៀបចំឡើង នាថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ឆាប់ៗខាងមុខនេះ ក៏ត្រូវការការចូលរួមពីគ្រប់មន្ទីរអង្គភាព និងសប្បុរសជន ទាំងថវិកា និងសម្ភារៈ ដើម្បីឱ្យដំណើរការនៃព្រឹត្តិការណ៍នោះ បានប្រព្រឹត្តទៅដោយរលូន និងបង្កលក្ខណៈសប្បាយរីករាយ។ លោកបានគូសបញ្ជាក់ថា ពិធីបុណ្យអុំទូកឆ្នាំនេះ គឺមានភាពឱឡារឹកជាងឆ្នាំមុនៗ ពីព្រោះថាមានការតាំងពិព័ណ៌ភូមិ១ផលិតផល១ ការប្រគុំតន្ត្រីខ្នាតយក្ស ខ្នាតមធ្យម ការបាញ់កាំជ្រួច ជាពិសេសមានទូក មកពីខេត្តកំពត និងខេត្តបាត់ដំបង ចូលរួមប្រគួតជាមួយខេត្តរបស់យើង។ ហើយទូករបស់យើង ក៏នឹងត្រូវចូលរួមប្រគួត នៅឯខេត្តបាត់ដំបង និងថ្នាក់ជាតិ នៅឯរាជធានីភ្នំពេញវិញផងដែរ។

លោក ខូយ រីដា បានដាក់ចេញនូវផែនការសំខាន់ ចំនួន១០ចំណុច រួមមាន៖ ១-សន្តិសុខសណ្តាប់ធ្នាប់សាធាណៈរដ្ឋបាលក្រុង ស្រុក ត្រូវពង្រឹង និងត្រូវរៀបចំកម្លាំងប្រជាការពារឱ្យចូលរួមជាមួយ ពិសសេសបុណ្យអុំទូកនេះ បើប្រើកម្លាំងប្រជាការពារមិនគ្រប់ត្រូវប្រើកម្លាំងយោធាបន្ថែម, ២-រដ្ឋបាលក្រុង ស្រុក ត្រូវសម្អាតឡើងវិញនូវអនាម័យបរិស្ថាន, ៣-សូមឱ្យមន្ទីរ អង្គភាពជំនាញនីមួយៗ មានភាពច្បាស់លាស់ រាល់ការងារជំនាញរបស់ខ្លួន ត្រូវរៀបចំផ្កាភ្ញីភ្លើងពណ៌គ្រប់មន្ទីរអង្គភាព, ៤-កងកម្លាំងទាំងអស់ ត្រូវរៀបចំទប់ស្កាត់បទល្មើសទាំងអស់ ត្រូវធ្វើឱ្យបាន, ៥-រួមគ្នាកំចាត់ឱ្យអស់គ្រឿងញៀន ក្នុងខេត្តពោធិ៍សាត់ ប៉ុន្តែត្រូវប្តេជ្ញាចិត្តទាំងអស់គ្នា, ៦-ក្រុង ស្រុក មន្ទីរជំនាញ ត្រូវដោះស្រាយរាល់សំណូមរបស់ប្រជាពលរដ្ឋ ជូនបងប្អូនយើងគ្រប់ពេលវេលា រួមទាំងក្រុមការងារត្រូវរួមគ្នាដោះស្រាយ ពិសេសការងារសន្តិសុខស្បៀង, ៧-ត្រូវលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ, ៨-ត្រូវផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋរបស់យើង ឱ្យចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ, ៩-សូមជួយពិនិត្យទៅលើមន្ត្រីអសកម្មនៅតាមអង្គភាព តើគាត់មិនមកធ្វើការដោយសារអ្វី ត្រូវប្រើគាត់ឱ្យអស់លទ្ធភាព បើយើងមិនប្រើគេ គេមិនសប្បាយចិត្តទេ និង១០-ពាក់ព័ន្ធនឹងបណ្តាញព័ត៌មាន ត្រូវការពារបណ្តាញព័ត៌មានដែលល្អៗ មានវិជ្ជាជីវៈ ព្រោះបណ្តាញព័ត៌មាននេះមិនអាចកាត់ផ្តាច់បានទេ កន្លែងខ្លះយើងទៅមិនដល់ បណ្តាញព័ត៌មានទៅដល់៕