(ក្រចេះ)៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងលោកស្រី គឹង ចាន់ឌី នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញផ្ដល់ព្រះធរណីបញ្ចុះសព នាយឧត្តមសេនីយ៍ ប្រាក់ វណ្ណឌី នាយករងខុទ្ទកាល័យ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ក្នុងជន្មាយុ៦៤ឆ្នាំ ដោយរោគាពាធ។

ពិធីបញ្ចុះសពនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅ ភូមិ ភូមិថ្មី ឃុំខ្សាច់អណ្តែត ស្ថិតក្នុងស្រុកឆ្លូង ខេត្តក្រចេះ។ ក្នុងពិធីនោះដែរ មានការអញ្ជើញចូលរួមពីលោក ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នាយទាហាន នាយទាហានរង ពលទាហាន មកពីបណ្តាអង្គភាព។

ស្ថិតក្នុងវេលាដ៏សែនសោកសង្រេងនេះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម និងលោកស្រី​បានសម្តែងនូវសមានទុក្ខដ៏ក្តុកក្តួល សោកស្តាយ អាឡោះអាល័យជាទីបំផុត និងសូមចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារ នៃសព និងចាត់ទុកមរណភាពរបស់ នាយឧត្តមសេនីយ៍ ប្រាក់ វណ្ណឌី គឺជាការបាត់បង់យុទ្ធមិត្ត រួមសមរភូមិប្រយុទ្ធ ហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ លះបង់អាយុជីវិត ដើម្បីជាតិមាតុភូមិ និងប្រជាជននៅគ្រប់ដំណាក់កាល គ្រប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិ ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត៕