(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពីអង្គការឯកទេសជំងឺគ្រុនចាញ់ (MC) ចុះជួបជាមួយប្រជាពលរដ្ឋដែលកំពុងប្រកបរបរធ្វើចំការ នៅភូមិឆែបក្រសាំង (តំបន់វាលត្រកួន) ស្ថិតក្នុងភូមិសាស្ត្រស្រុកឆែប ជាយព្រៃឡង់ នៃខេត្តព្រះវិហារ។

លោក គួង ឡូ បានឲ្យដឹងថា ការចុះជួបជាមួយប្រជាពលរដ្ឋ ដែលកំពុងប្រកបរបធ្វើចំការនៅជាយយព្រៃឡង់នាពេលនេះ គឺមានការលំបាកណាស់ដោយសាររដូវរវស្សាផ្លូវពិបាកធ្វើដំណើរ កន្លែងខ្លះជិះរថយន្តបាន កន្លែងខ្លះទាល់តែជិះគោយន្ត ហើយឆ្លងទឹកអូរប្រឡាយ កាត់ព្រៃទើបធ្វើដំណើរទៅដល់។ ដោយឡែក ការទៅជួបប្រជាពលរដ្ឋ គឺចង់ដឹងពីការរស់នៅរបស់ពួកគាត់ ពីបញ្ហាប្រឈមនឹងជំងឺផ្សេងៗ ពិសេសជំងឺគ្រុនចាញ់ ដោយសារពួកគាត់ទៅទាំងគ្រួសារ មានទាំងកូនក្មេងទៀតផង។

លោកប្រធានមន្ទីរសុខាភិបាល បានថ្លែងអប់រំដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់គ្រុនចាញ់ ត្រូវទទួលទានថ្នាំការពារជំងឺគ្រុនចាញ់ប្រភេទ Pyramax មួយថ្ងៃ១ដង រយៈពេល៣ថ្ងៃ ក្នុង១ខែ គឺពួកគាត់អាចការពារពីជំងឺគ្រុនចាញ់ បានរយៈពេល២៨ថ្ងៃ។ បើពួកគាត់ទទួលទានថ្នាំរយៈពេល៣ខែ គឺអាចការពារបានពីជំងឺគ្រុនចាញ់រហូត៤ខែ (មានន័យថា ទទួលទាន៣ខែ សម្រាក១ខែ។ លោកថា ឱសថប្រភេទនេះមិនមានផលរំខានអ្វីដល់ពួកគាត់ទេ គ្រាន់តែពួកគាត់កុំពិសារគ្រឿងស្រវឹងរយៈពេល៣ថ្ងៃ។

លោក គួង ឡូ បានអះអាងថា មូលហេតុដែលឲ្យពួកគាត់ទទួលទានឱសថការពារជំងឺគ្រុនចាញ់នេះ ដោយសារកន្លែងប្រកបការងារកសិកម្មរបស់ពួកគាត់ គឺនៅក្នុងព្រៃ ហើយនៅទីនេះមានភ្នាក់ងារចម្លង ជំងឺគ្រុនចាញ់ច្រើន ដូចនេះពួកគាត់អាចប្រឈមនឹងការឆ្លងជំងឺគ្រុនចាញ់។

លោកក៏បានណែនាំដល់ពួកគាត់ ប្រសិនបើសង្ស័យថា មានជំងឺគ្រុនចាញ់ ត្រូវតែទៅជួបជាមួយអ្នកស្ម័គ្រចិត្តព្យាបាលជំងឺគ្រុនចាញ់ភូមិ ឬមួយអ្នកស្ម័គ្រព្យាបាលជំងឺគ្រុនចាញ់ចល័ត ដែលពួកគាត់នៅកៀកជាងមណ្ឌលសុខភាព ហើយការចុះជួបប្រជាពលរដ្ឋនាពេលនេះ គឺបានពិនិត្យការជួសឈាមរកមេរោគគ្រុនចាញ់ និងចែកមុងដល់ពួកគាត់ផងដែរ៕