(សៀមរាប)៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី៣ នៅស្រុកអង្គរជុំ និងស្រុកវ៉ារិន ក្រោមវត្តមានរបស់លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត តំណាងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប។

ក្នុងនោះ មានការចូលរួមពីសំណាក់លោក លោកស្រី ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងក្រុមប្រឹក្សាស្រុក អាជ្ញាធរស្រុក កងកម្លាំងទាំងបី មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋ រួមទាំងសិស្សានុសិស្ស ទាំងពីរស្រុកផងដែរ។

បន្ទាប់ពីការបង្ហាញស្តីពីទិដ្ឋភាពរួម នៃការអភិវឌ្ឍនៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលខេត្ត ឆ្នាំ២០២០-២០២៤ នៃផែនការ៣ឆ្នាំរំកិល និងតាមការបញ្ជាក់របស់លោកស្រី ម៉ននី រងី្ស បានលើកឡើងពីសមិទ្ធផលនានា ដែលរដ្ឋបាលខេត្តអនុវត្តបានក្នុងឆ្នាំ២០២៣ ព្រមទាំងសមិទ្ធផលរបស់រដ្ឋបាលស្រុកអង្គរជុំ និងស្រុកវ៉ារិន។

សមាជិក សមាជិកាអង្គវេទិកា ក៏បានលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរមួយចំនួន ដោយបានលើកឡើងនូវសំណួរផ្ទាល់មាត់ចំនួន១៣ ដោយផ្តោតទៅលើបញ្ហា ហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ ថ្នល់ ស្ពាន លូ) អគ្គិសនី បញ្ហាពន្ធដា ប្រព័ន្ធធារាសាស្រ្ត បញ្ហាការដាក់របាំងការពារផ្លូវដែលធ្វើឲ្យប៉ះពាល់ដល់រថយន្តពន្លត់អគ្គីភ័យចេញចូលមិនរួច នៅពេលទៅជួយអន្តរាគមន៍ពន្លត់ភ្លើង នៅពេលមានហេតុការកើតឡើង។

ចំពោះការលើកឡើងនោះ ត្រូវបានសាមីមន្ទីរ អង្គភាពជំនាញមានការពាក់ព័ន្ធ បានធ្វើការបកស្រាយបំភ្លឺជូនដល់អង្គវេទិកាទាំងមូល ឲ្យអស់កង្វល់ដែលប្រជាពលរដ្ឋមានទុក្ខកង្វល់កន្លងមក ឲ្យបានកាន់តែយល់ច្បាស់ផងដែរ។ អង្គវេទិកាក៏ទទួលបានសំណួរ សំណូមពរដែលសរសេរជាលាយល័ក្ខអក្សរ មាន១៣សំណួរ សំណូមពរផងដែរ។

លោក អ៊ាន ឃុន បានលើកឡើងថា អង្គវេទិកាគោលដៅទី២នេះ គឺដើម្បីឲ្យក្រុមប្រឹក្សាខេត្ត ធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរនានា មកធ្វើការពិភាក្សាស្រាយបំភ្លឺ ឲ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា ក្នុងករណីដោះស្រាយបានភ្លាមៗ នឹងធ្វើការដោះស្រាយជូនភ្លាមៗ ករណីមិនអាចដោះស្រាយបាន នឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា ឬគេចវេសពីបញ្ហា ដែលបានលើកឡើងក្នុងអង្គវេទិកានេះឡើយ។

លោកបានបន្តថា ក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភារួចមក ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើ បាវចនាទាំងប្រាំ គឺកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព ដែលជារបៀបវារៈគោលនយោបាយសង្គម សេដ្ឋកិច្ច។

លោក អ៊ាន ឃុន បានបញ្ជាក់ថា ការរៀបចំបង្កើតឲ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាសាធារណៈជាមួយប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង គឺដើម្បីស្តាប់នូវមតិយោបល់របស់ប្រជាពលរដ្ឋ និងស្វែងរកនូវតម្រូវការ និងបញ្ហាប្រឈមនានា ដែលបងប្អូនប្រជាពលរដ្ឋកើតមានក្នុង មូលដ្ឋានរបស់ខ្លួន។ វេទិកាសាធារណៈនេះ ជាលើកទី៥ នៃអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប នាឱកាសនេះ ពិតជាមានសារៈសំខាន់បំផុត ក្នុងការជួយជំរុញដល់ការអនុវត្តមុខងារគ្រប់ស្ថាប័នមានការពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត  ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនៅថ្នាក់មូលដ្ឋាន។

ចំពោះការពិនិត្យ និងដោះស្រាយបញ្ហា សំណួរ-សំណូមពររបស់ប្រជាពលរដ្ឋ នឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់គុណភាពជីវិត កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ នៅតាមបណ្ដាមូលដ្ឋានភូមិ ឃុំ ស្រុក នៃខេត្តសៀមរាបទាំងមូល៕