(ភ្នំពេញ)៖ ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី២៣៥ ខែតុលា​ ឆ្នាំ២០២៣ បានរៀចំ​សិក្ខាសាលាសមាហរណកម្ម​វិនិយោគ បីឆ្នាំរំកិល​ ឆ្នាំ២០២៤-២០២៦ របស់រដ្ឋបាលសង្កាត់​ និងខណ្ឌក្រោមវត្ដមាន លោក ហែម ដារិទ្ឋិ​ អភិបាលខណ្ឌមានជ័យ និងមានការចូលរួមពីអភិបាលរងខណ្ឌ និងលោក អែម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌ ចៅសង្កាត់ និងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀត។

នៅក្នុងពិធីបើកសិក្ខាសាលាមួយនេះ អភិបាលខណ្ឌមានជ័យ បានលើកឡើងថា នៅពេលនេះ មានគម្រោង វិនិយោគជាអាទិភាព ដែលមានការសន្យាគាំទ្រយ៉ាងច្រើន។ លោក ហែម ដារិទ្ឋិ អភិបាលខណ្ឌ បានបញ្ជាក់ថា «សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយគម្រោងវិនិយោគ អាទិភាព ៣ឆ្នាំរំកិល (២០២៤-២០២៦) របស់រដ្ឋបាលខណ្ឌ និងស្នើសុំការគាំទ្រ ពីមន្ទីរអង្គភាព អង្គការដៃ គូអភិវឌ្ឍន៍នានា ផ្នែកឯកជន និងសប្បុរសជន ដែលចាប់អារម្មណ៍លើគម្រោងណាខ្លះ»។

លោកអភិបាលខណ្ឌមានជ័យ បានបន្ដទៀតថា អ្នកតំណាងឱ្យស្ថាប័នសង្គមស៊ីវិល និងផ្នែកឯកជន ព្រមទាំងសប្បុរសជនទាំងអស់ មានការចាប់អារម្មណ៍លើគម្រោងណាមួយ ទោះតិច ឬច្រើនក្ដី សូមបញ្ជាក់ការឆ្លើយតប ដើម្បីឱ្យក្រុមការងាររបស់លោកធ្វើការបូកសរុបចំនួនគម្រោង ដែលមានការសន្យាគាំទ្រ។

លោកអភិបាលខណ្ឌ បានបញ្ជាក់យ៉ាងដូច្នេះថា «កិច្ចការនេះ គឺជាដំណើរការមួយនៃការអនុវត្ដច្បាប់ ស្ដីពីការ គ្រប់គ្រងរដ្ឋបាល រាជធានីខេត្ដ ក្រុង ស្រុក ខណ្ឌ ដែលក្នុងច្បាប់នោះ បានចែងថា ការបង្កើតរដ្ឋបាល ឯកភាព នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺសំដៅដល់ការ ពង្រឹងអង្គភាពរបស់រដ្ឋ ដើម្បីសម្របសម្រួល នូវរាល់សកម្មភាពរដ្ឋបាលសាធារណៈ ក្នុងដែនដីរបស់ខ្លួន»

លោក ហែម ដារិទ្ឋិ ក៏បានលើកឡើងពីគម្រោង ដែលអនុវត្ដទៅទទួលបានជោគជ័យនៅថ្នាក់សង្កាត់ ដោយមាន ទិន្នន័យពិតប្រាកដ លើចំនួនគម្រោង និងថវិកាវិនិយោគប្រចាំឆ្នាំនីមួយៗ។

លោក ហែម ដារិទ្ឋិ ក្នុងនាមគណ:អភិបាលខណ្ឌ បានអំពាវនាវដល់តំណាងមន្ទីរ អង្គភាព អង្គការ សប្បុរសជន និងដៃគូអភិវឌ្ឍន៍ទាំងអស់ សូមបន្តជួយគាំទ្រដល់គម្រោងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់ខណ្ឌ និងគម្រោងផែនការ អាទិភាពរបស់សង្កាត់ ក្នុងឆ្នាំ២០២៤ ជាបន្តទៀត ដើម្បីឆ្លើយតបបានទៅនឹងសេចក្តីតម្រូវការ របស់ប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមអនុវត្តន៍គោលនយោបាយ វិមជ្ឈការ វិសហមជ្ឈការ និងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ឲ្យកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា គម្រោងជាអាទិភាព ឆ្នាំ២០២៤ ដែលត្រូវដាក់ស្នើសុំការគាំទ្រនៅក្នុង សិក្ខាសាលាសមាហរណកម្ម នាពេលនេះ មានចំនួន ១០៧ គម្រោង ក្នុងនោះ៖

*ផ្នែកសេដ្ឋកិច្ច មានចំនួន ២៥ គម្រោង
*ផ្នែកសង្គមកិច្ច មានចំនួន ៤៩ គម្រោង
*ផ្នែកគ្រប់គ្រងដីធ្លីធនធានធម្មជាតិបរិស្ថាន មានចំនួន ២១ គម្រោង
*ផ្នែកសេវាកម្ម រដ្ឋបាល និងសន្តិសុខ មានចំនួន ១២ គម្រោង៕