(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ គណៈកម្មាការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារទី២ បានបើកកិច្ចប្រជុំ នៅទីស្តីការក្រសួងការពារជាតិ ដើម្បីពិភាក្សាពង្រឹងវិធានការរបស់រាជរដ្ឋាភិបាលទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងបន្តចុះត្រួតពិនិត្យការអនុវត្តការងាររបស់សមត្ថកិច្ចពាក់ព័ន្ធតាមច្រកទ្វារព្រំដែន ខេត្តព្រះវិហារ និង ខេត្តឧត្តរមានជ័យ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មាការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរ តាមព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានក្រុមការងារទី២ និងមានការចូលរួមពីអនុប្រធាន និងសមាជិក ក្រុមការងារទី២ នៃគណៈកម្មការចំពោះកិច្ចជាច្រើនរូបទៀត។

ថ្លែងបើកកិច្ចប្រជុំ ឧត្តមសេនីយ៍ឯក សៀក សុជាតិ បានបញ្ជាក់ថា «គោលបំណង នៃកិច្ចប្រជុំគឺដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ ជួយសម្រួលដល់ការឆ្លងកាត់ព្រំដែន របស់ប្រជាពលករ ធានាឱ្យបាននូវភាពស្របច្បាប់ ប្រកបដោយសុវត្ថិភាព និងដាក់ទិសដៅបន្តចុះត្រួតពិនិត្យតាមបណ្តាច្រកទ្វារព្រំដែនស្ថិតក្នុងខេត្តព្រះវិហារ និងខេត្តឧត្តមានជ័យ តាមការអនុវត្តតាមអនុសាសន៍របស់សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការចំពោះកិច្ច»

ជាមួយគ្នានេះ កិច្ចប្រជុំក៏បានដាក់ចេញនូវទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ដើម្បីជួយសម្របសម្រួលដល់ពលករ ក្នុងការឆ្លងដែនប្រកបដោយសុវត្ថិភាព និងភាពស្របច្បាប់ផងដែរ៕