(បាត់ដំបង)៖ កាកបាទក្រហមកម្ពុជាដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ បានបន្តចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌​ ជួយសម្រាលការលំបាកផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងរហ័សចំនួន ៤៧២គ្រួសារ រស់នៅក្រុងស្រុកចំនួន៤គឺ ក្រុងបាត់ដំបង ស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកបាណន់ ខេត្តបាត់ដំបង។

ក្នុងឱកាសជួបសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌នាពេលនេះក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោក សុខ លូ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង លោកស្រី ម៉េត រ៉ាវិចិត្រ សុខលូ អនុប្រធានកិត្តិយសាខាព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា  យុវជនកាកបាទក្រហម ដែលមានចំនួន៤ទីតាំងគឺរួមមាន៖

ទីតាំងទី១៖ នៅវត្តក្តាំងងារ ភូមិខ្វិត ឃុំព្រែកខ្ពប់ ស្រុកឯកភ្នំ សម្រាប់ប្រជាពលរដ្ឋ ១៣០គ្រួសារ មកពី៦ភូមិ ២ឃុំ ស្រុកឯកភ្នំ។
ទីតាំងទី២៖ នៅវត្តស្លាកែត ស្ថិតនៅ ភូមិស្លាកែត សង្កាត់ស្លាកែត សម្រាប់ប្រជាពលរដ្ឋ ១០២គ្រួសារ មកពី៧ភូមិ ៣សង្កាត់ ក្រុងបាត់ដំបង។
ទីតាំងទី៣៖ នៅបរិវេន វត្តបួរខ្នា ភូមិកំពង់ឆ្លង ឃុំវត្តតាមឹម ស្រុកសង្កែសម្រាប់ប្រជាពលរដ្ឋ ១១០គ្រួសារ មកពី៦ភូមិ ឃុំវត្តតាមឹម
និងទីតាំងទី៤៖ នៅអនុសាខាស្រុកបាណន់ស្ថិតនៅ ភូមិបាណន់ ឃុំកន្ទឺ ២ ស្រុកបាណន់ សម្រាប់ប្រជាពលរដ្ឋ ១៣០ គ្រួសារ មកពី៤៤ភូមិ ៥ឃុំ ស្រុកបាណន់ ដែលមានប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀងរហ័សចំនួន ៤៧២គ្រួសារ។

ជាមួយគ្នានេះដែរ លោកស្រី ពុំ ចន្ទីនី បានពាំនាំមកនូវព្រះរាជបន្ទូល និងប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្តីនឹករលឹក និងមនោសញ្ចេតនាជាប់ជានិច្ចជាមួយប្រជានុរាស្ត្រ កូនចៅនិងប្រជាពលរដ្ឋគ្រប់ពេលវេលា។

ទន្ទឹមនឹងនេះ លោកស្រីអគ្គលេខាធិការ បានពាំនាំផ្តាំផ្ញើនូវសារសុខភាពមួយចំនួនជូនដល់បងប្អូនមានដូចជា ៖

* នៅក្នុងឆ្នាំ២០២៣នេះ ការផ្ទុះនូវជំងឺគ្រុនឈាម គ្រុនឈីក និងមានជំងឺហ្ស៊ីកាមួយរណី ជំងឺផ្តាសាយបស្សីមួយករណី ហើយជំងឺគ្រុនឈាមនេះឆ្លងទាំងកុមារនិងមនុស្សចាស់ តែបើកើតនៅលើកុមារគឺមានព្យា
បាលងាយស្រួលបន្តិច ប៊ុន្តែបើកើតនៅលើមនុស្សចាស់ពិបាកព្យាបាលណាស់ ដូច្នេះនេះជារដូវមានភ្លៀងធ្លាក់ សូមបងប្អូនប្រជាពលរដ្ឋសម្អាតបរិស្ថានជុំវិញផ្ទះ ដោយកុំចាត់ជម្រកមុសមានដូចជា សំបកដូង សំបងកង់ កង់ម៉ូតូ កង់ឡាន ឬវត្ថុដែលអាចដក់ទឹកបាន ប្រសិនបើយើងមានអាការៈក្តៅស្រៀវស្រាញមិនស្រួលខ្លួនទេសូមប្អូនទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពឲ្យបានទាន់ពេលវេលា ប្រសិនបើយើងមិនបានព្យាបាលឲ្យទាន់ពេលវេលាវាអាចធ្វើឲ្យយើងស្លាប់បាន។
* ស្ត្រីក្នុងវ័យបន្តពូជ ស្ត្រីដែលមានផ្ទះពោះសូមទៅពិនិត្យសុខភាពយ៉ាងតិច៤ដងមុនសម្រាល ហើយនៅពេលសម្រាលកូននៅមណ្ឌលសុខភាពព្រោះនៅទីនោះមានឆ្មប់ជំនាញដែលវិជ្ជាជីវៈច្បាស់លាស់ និងស្ត្រីដែលទើបសម្រាលកូនរហូតដល់កុមារមានអាយុដល់២ឆ្នាំសូមទៅទទួលវាក់សាំងឲ្យបានគ្រប់ចំនួនដែលក្រសួងសុខាភិបាលបានកំណត់។
* សម្រាប់ការងារបរិស្ថាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានគឺយកចិត្តទុកដាក់ខ្លាំងណាស់ ហើយជានិច្ចកាល កាកបាទក្រហមកម្ពុជា មានស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមកម្ពុជា តែងតែមានសកម្មភាពដាំដើមឈើជារៀងរាល់ឆ្នាំ ហើយថ្មីៗនេះ កាកបាទក្រហមកម្ពុជា បានចុះអនុស្សរណៈយោគយល់ជាមួយក្រសួងបរិស្ថាន ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ "ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ" ហេតុដូចនេះ លោកស្រីអគ្គលេខាធិការ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជាការចាប់ផ្តើមដំបូងសូមកុំប្រើប្រាស់ថង់ប្លាស្ទិក១ថ្ងៃក្នុងមួយសប្តាហ៍។

លោកស្រីអគ្គលេខាធិការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបាត់ដំបង ដែលបានយកចិត្តិទុក្ខដាក់ និងបានចុះពិនិត្យស្ថានភាពទឹកទំនន់ និងស្នើសុំជំនួយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលាផងដែរ។

លោក សុខ លូ ប្រធានគណៈកម្មាធិការសាខា ខេត្តបាត់ដំបង តំណាងឲ្យប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់ និងជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹក។ លោកប្រធាន បានគោរពជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូណ៌ កាយពលមាំមួន កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តជាម្លប់ដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស។

សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបាន ៖ អង្ករ ២៥ គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ ទឹកស៊ីអ៊ីវ ១យួរ និងថវិកាមួយ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រីអគ្គលេខាធិការ បានប្រគេនថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូន វត្តក្តាំងងារ វត្តស្លាកែត វត្តបួរខ្នា និងសូមថ្លែងអំណរគុណចំពោះព្រះចៅអធិការវត្ត ដែលបានផ្តល់ទីតាំងសម្រាប់កាកបាទក្រហមកម្ពុជា ផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងរហ័សនាពេលនេះ។

បន្ទាប់ពីបញ្ចប់កម្មវិធីផ្តល់អំណោយ នោក្នុងក្រុងបាត់ដំបង លោកស្រីអគ្គលេខាធិការ និងសហការី បានបន្តនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋចំនួន ១០ខ្នងផ្ទះ ដែលមិនអាចធ្វើដំណើរមកទទួលអំណោយបាន៕