(ភ្នំពេញ)៖ ទំនិញខុសច្បាប់ជាង៥០តោន ដែលកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានធ្វើការបង្ក្រាបជាបន្តបន្ទាប់កាលពីពេលកន្លងមក ក្នុងករណីចំនួន១០ ត្រូវធ្វើពិធីដុតបំផ្លាញចោល នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ នៅទីលានចាក់សំរាម ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ពិធីដុតបំផ្លាញខាងលើនេះ ធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មន្ត្រីកាំកុងត្រូល ស្ថាប័ន្ថតំណាងអយ្យការ មន្ត្រីអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាពលរដ្ឋជាច្រើនទៀត។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក មួង សុធា បានបញ្ជាក់ថា ផលិតផលដែលដុតបំផ្លាញចោលនៅព្រឹកនេះ រួមមាន៖ ទំនិញ និងផលិតផលក្លែងក្លាយ, ផលិតផលនាំចូលគ្មានច្បាប់អនុញ្ញាត, ផលិតផលគ្រឿងសំអាងលាយសារធាតុគីមីខុសច្បាប់, ឱសថហួសកាលបរិច្ឆេទប្រើប្រាស់, ចំណីអាហារ និងសាច់ខូចគុណភាព ព្រមទាំងសារធាតុគីមីខុសច្បាប់ជាដើម។ ខណៈកន្លងទៅនគរបាលធ្លាប់បានធ្វើការដុតបំផ្លាញចោលចំនួន៣៧លើករួចមកហើយ។

លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានបន្តថា ពិធីដុតបំផ្លាញចោលនាថ្ងៃនេះ គឺជាសក្ខីភាពមួយ ដែលស្តែងពីការខិតខំប្រឹងប្រែង របស់មន្រ្តីជំនាញ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយអង្គភាពស្ថាប័នជំនាញពាក់ព័ន្ឋ អាជ្ញាធរមូលដ្ឋាន រួមជាមួយវិស័យឯកជន ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្របតាមផែនការយុទ្ធសាស្ត្ររបស់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច។

លោកឧត្តមសេនីយ៍ឯក មួង សុធា បានបន្ថែមថា ជាកិច្ចការបន្តនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បាននិងកំពុងបន្តខិតខំអនុវត្តតាមតួនាទីភារៈកិច្ច និងដាក់ចេញនូវទិសដៅការងាររបស់ខ្លួន ស្របតាមផែនការយុទ្ធសាស្ត្ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសបន្តចូលរួមសហការជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានបង្ក្រាបនូវរាល់បទល្មើសសេដ្ឋកិច្ច ប៉ះពាល់ដល់ខឿនសន្តិសុខសេដ្ឋកិច្ចជាតិ បទល្មើសគេចពន្ធ, បទល្មើសនាំទំនិញ និងផលិតផលក្លែងក្លាយ ហួសកាលបរិច្ឆេទប្រើប្រាស់, ចំណីអាហារខូចគុណភាព និងមានសារធាតុគីមីធ្វើឲ្យប៉ះពាល់ ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ៕