(កំពង់ឆ្នាំង)៖ ជនជាតិវៀតណាម២នាក់ និងកាណូតសម្រាប់អូសដើមឈើព្រៃលិចទឹកចំនួន៣គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញចាប់ឃាត់ បន្ទាប់ពីក្រុមអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋបានប្រទះឃើញពួកគេ កំពុងតែលួចកាប់ព្រៃលិចទឹកក្នុងតំបន់អភិរក្ស ចងអូសតាមកាណូតបម្រុងយកទៅទម្លាក់ក្នុងទន្លេធ្វើជាសម្រាស់ដាក់ស្ទាក់ចាប់ត្រី ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចជំនាញភ្លាមៗ។

ករណីបង្ក្រាបបទល្មើសការកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់អភិរក្ស យកដាក់ធ្វើជាសម្រាស់សម្រាប់ចាប់ត្រីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ២០៖០០នាទីយប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅចំណុចព្រែកថ្លាន់ (ជាព្រែកអភិរក្សពូជត្រី) ស្ថិតក្នុងភូមិសាស្ត្រ ភូមិដំណាក់រាជ្យ ឃុំកំពង់ព្រះគគី ស្រុកបរិបូរណ៌។

លោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី២៥ ខែតុលានេះ បានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីក្រុមអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ កម្លាំងផ្នែករដ្ឋបាលជលផលរបស់លោកក៏ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗដែរ ហ្នឹងបានឃាត់ខ្លួនជនល្មើសជាជនជាតិវៀតណាមដែលបានប្រព្រឹត្តបទ ល្មើសខាងលើចំនួន២នាក់ និងទូកសម្រាប់អូសសណ្ដោងដើមឈើព្រៃលិចទឹកចំនួន៣គ្រឿង។ ជនល្មើសទាំង២នា ក់ រួមមាន៖

*ទី១៖ ឈ្មោះ វៀង យាំងទឺ អាយុ៤៧ឆ្នាំ
*ទី២៖ ឈ្មោះ ដែន យាំងសង អាយុ៤៦ឆ្នាំ។ ពួកគេទាំង២នាក់រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ ប៉ុន្តែបច្ចុប្បន្នពួកគេបានទៅស្នាក់នៅភូមិក្រម៉ាល់ ឃុំប្រឡាយមាស ស្រុកកំពង់លែងម្តុំ (ចំណុចព្រែកគូរ)។

វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានក្នុងពេលប្រព្រឹត្តបទ ល្មើសខាងលើនេះរួមមាន៖ កាណូត៣គ្រឿងក្នុងនោះ២ គ្រឿងជាកាណូតឈើនិង១គ្រឿង ជាទូកបាឡាស្មាច់ រួមនិងដើមឈើចំនួន១៥ដើមធំៗ ដែលគេកាប់ក្នុងតំបន់អភិរក្ស ចងអូសជាមួយកាណូត, ពីដុងទឹកចំណុះ៣០លីត្រគ្មានទឹកជាច្រើន ដែលសម្រាប់ចងបណ្ដែតគល់ឈើដើម្បីងាយស្រួលក្នុងការអូសសណ្ដោងតាមទឹក និងខ្សែជាច្រើនចង្វាយសម្រាប់ចងដើមឈើអូស។

លោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំង បានឲ្យដឹងទៀតថា ជនល្មើសទាំង២នាក់ខាងលើនេះ ត្រូវបានចោទតាមមាត្រាលេខ៩៨ ចំណុច១ នៃច្បាប់ស្ដីពីជលផល ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៣ឆ្នាំទៅ ៥ឆ្នាំ និងវត្ថុតាងត្រូវរឹបអូសជាសម្បត្តិរដ្ឋ ចំពោះសំណុំរឿ ងនិងជនសង្ស័យទាំង២នាក់នឹងត្រូវបញ្ជូនទៅតុលាការនៅថ្ងៃនេះផងដែរ។

ប្រជាពលរដ្ឋបានឲ្យដឹងថា ខែនេះគឺជារដូវដែលអ្នកនេសាទមួយចំនួន គេត្រូវការនេសាទដោយដាក់សម្រាស់តាមដងទន្លេ ដើម្បីឱ្យត្រីចូលទុករយៈពេល ៣ ឬ៤ខែក្រោយមក គេនឹងយកអួនមកហ៊ុំព័ទ្ធចាប់យកត្រីតែម្ដង។ ចំពោះស ម្រាស់វិញគឺភាគច្រើនគេកាប់ព្រៃលិចទឹកយកមកដាក់បណ្ដុំធ្វើជាសម្រាស់។

ក្នុងនោះដែរអ្នកដែលហ៊ាន គេអាចចូលកាប់ដើមឈើព្រៃលិចទឹកនៅក្នុងតំបន់ហាមឃាត់ដូចជា​ ក្នុងតំបន់អភិរក្សខាងលើនេះជាដើម។ ពួកគាត់បានបញ្ជាក់ទៀតថា កាលពីឆ្នាំមុនៗពួកគេកាប់ព្រៃលិចទឹកដឹកទាំងថ្ងៃ តែ២ឆ្នាំចុងក្រោយនេះភាគច្រើនគឺគេធ្វើសកម្មភាពនៅពេលយប់។ ហេតុនេះពួកគាត់សំណូមពរដល់សមត្ថកិច្ច និងអាជ្ញាធរមេត្តាមានវិធានការនិងទប់ស្កាត់ឲ្យបានម៉ឺងម៉ាត់ បើមិនដូច្នោះទេ ព្រៃលិចទឹកក្នុងតំបន់អភិ រក្សនឹងត្រូវបានកាប់បំផ្លាញដោយសារក្រុមជនខិលខូចមួយចំនួនដូចខាងលើនេះជាក់ជាពុំខានឡើយ។

សូមបញ្ជាក់ថា ព្រៃលិចទឹកមានតួនាទីសំខាន់ណាស់ក្នុងវិស័យជលផល ព្រៃលិចទឹកក៏ជាកត្តាស្លាប់រស់របស់វិស័យជលផលទៀតផង។ ហើយត្រូវបានកំណត់នៅក្នុងច្បាប់ស្ដីពីជលផលថា ជាដែននេសាទដែលត្រូវថែរក្សា ការពារយ៉ាងម៉ឺងម៉ាត់បំផុតដើម្បីធានាកុំឲ្យវិនាសបាត់បង់ ព្រៃលិចទឹកជាទីជម្រកយ៉ាងសំខាន់ ជាប្រភពផ្ដល់ចំណី និងជាកន្លែងពងកូនយ៉ាងកក់ក្តៅរបស់ហ្វូងមច្ឆាជាតិ និងវារីសត្វផ្សេងៗទៀត ដែលជាធនធានជលផល ព្រោះថា នៅក្នុងព្រៃលិចទឹកមានចំណីធម្មជាតិយ៉ាងសម្បូរបែបដែលអាចបំប៉នជីវៈចម្រុះជាធនធានជលផលខាងលើនេះឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស ហេតុនេះព្រៃលិចទឹកជាកត្តា ចាំបាច់សំខាន់ក្រៃលែងសម្រាប់ វិស័យជលផលដោយពុំអាចខ្វះបានឡើយ៕