(ស្ទឹងត្រែង)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៣៦៥ក្បាលដី ជូនដល់ប្រជាពលរដ្ឋភូមិកាំងតេជោ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់។ ពិធីនេះបានធ្វើឡើងមុខអាគាការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោក គឹម ពិសិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង បានលើកឡើងថ្ងៃនេះថា ការទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី គឺជាឯកសាររដ្ឋបាលបញ្ជាក់ពីសិទ្ធិជាម្ចាស់លើក្បាលដីនីមួយៗ ហើយប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិ គឺជាម្ចាស់ដីពេញលក្ខណៈដែលត្រូវបានការពារដោយច្បាប់។

លោកប្រធានមន្ទីរបន្តថា ការសម្រេចបាននូវលទ្ធផលទាំងនេះ គឺដោយសារមានការចូលរួមសហការពីអាជ្ញាធរស្រុក ឃុំ ភូមិ ពិសេសការចូលរួមពីបង ប្អូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដីពាក់ព័ន្ធទាំងអស់ ដែលបានសហការល្អ ជាមួយអាជ្ញាធរ និងក្រុមការងារបច្ចេកទេសចុះវាស់វែងធ្វើឲ្យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិកាំងតេជោឃុំថាឡាបរិវ៉ាត់ទទួលជោគជ័យ។

លោក ស្វាយ សំអ៊ាង យល់ឃើញថា តាមរយៈការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែល ធ្វើឲ្យសម្រេចបានជោគជ័យលើកិច្ចការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនាពេលនេះ ពិតជាបានបង្ហាញនូវសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធផលជាច្រើនដែល បានកសាងឡើងក្នុងឃុំថាឡាបរិវ៉ាត់យើងនេះ ស្ថិតក្រោមមាគ៌ាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ ធ្នាប់សង្គមល្អប្រសើរ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

លោកអភិបាលខេត្តស្ទឹងត្រែង បានថ្លែងថា ចាប់ពីពេលដែលទទួលបានប័ណ្ណកម្ម សិទ្ធិនេះតទៅបងប្អូននឹងទទួលបាននូវសុវត្ថិភាព នៃការកាន់កាប់ប្រើប្រាស់ អាស្រ័យផលលើដីធ្លីរបស់ខ្លួន និងចាត់ចែងដីរបស់ខ្លួនផ្តាច់មុខ និងទូលំទូលាយ ដោយគ្មាននណាម្នាក់អាចមករំលោភបំពានបានឡើយ។ ដូច្នេះសូមពុកម៉ែបងប្អូន ធ្វើសកម្មភាពប្រកបមុខរបរអាជីវកម្ម ឬបង្កបង្កើនផលលើដីធ្លីដែលទទួលបានកម្មសិទ្ធិ ដើម្បីទទួលបានផលប្រយោជន៍ ដែលកើតចេញពីដីធ្លីនេះ ប្រសើរជាងយកដីទៅលក់ដែលអាចទទួលផលបានតែម្ដង ហើយនឹងបាត់បង់ប្រយោជន៍គ្រួសារជារៀងរហូត។

ទន្ទឹមនិងការអបអរសាទរចំពោះភាពជោគជ័យក្នុងការចុះបញ្ជីដីធ្លី និងចែកវិញ្ញាបនបត្រជូនដល់ប្រជាពលរដ្ឋានាពេលនេះលោក ស្វាយ សំអ៊ាង ក៏បានជំរុញអាជ្ញាធរថ្នាក់ខេត្ត ក្រុង ស្រុក សមត្ថកិច្ចពាក់ព័ន្ធ រួមទាំងកងកម្លាំងប្រដាប់អាវុធ ដោយមានកិច្ចសហការជាមួយប្រជាពលរដ្ឋនៅនឹងកន្លែងត្រូវហាមឃាត់ជាដាច់ខាត និងអនុវត្តទៅតាមច្បាប់ចំពោះការទន្ទ្រានកាន់កាប់តាមបែបអនាធិបតេយ្យ ឬការទាមទារដីធ្លីដែលពុំបានកាន់កាប់ប្រើប្រាស់ជាក់ស្ដែង ដោយស្របច្បាប់ ឬដោយគ្រាន់តែសំអាងលើមូលហេតុផ្សេងៗព្រោះវាគឺជាអំពើខុសច្បាប់។

គួបញ្ជាក់ថា ការងារចុះបញ្ជីដីធ្លីតាមរយៈបទបញ្ជាលេខ ០១បប ក្នុងទូទាំងខេត្តស្ទឹងត្រែង រហូតមកដល់បច្ចុប្បន្នអនុវត្តបានចំនួន ២៧ភូមិ ស្ថិតក្នុងឃុំ សង្កាត់ចំនួន ១០ វាស់វែងសរុបបាន ១៥.៧៨១ក្បាលដី ចេញប័ណ្ណកម្មសិទ្ធបាន ១៣.៨៤៨ប័ណ្ណ ចែកដល់ដៃប្រជាពលរដ្ឋបាន ១៣.១៩៩ប័ណ្ណ នៅសល់ចំនួន៦៤៩ប័ណ្ណទៀត ប្រជាពលរដ្ឋពុំបានមកទទួលយកដោយសារពួកគាត់ភាគច្រើនធ្វើចំណាកស្រុក៕