(កំពង់ធំ)៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំកម្មវិធីសំណេះសំណាល និងត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តការងារយេនឌ័រ ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន ក្រោមអធិបតីភាព លោកស្រីនាយឧត្តមសេនីយ៍ ម៉ីមន ដារី អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតចំពោះប្រតិភូ ថ្នាក់ដឹកនាំ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានយោធភូមិភាគទី៤ ដែលមានវត្តមាននាឱកាសនេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់អំពីលទ្ធផលធំៗមួយចំនួន ដែលអង្គភាពសម្រេចបានក្នុងភារកិច្ចការងារយេនឌ័រនៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាពេលកន្លងទៅ។

លោកស្រីវរសេនីយ៍ទោ យូ មុន្នីរ័ត្ន នាយសេនាធិការរង ប្រធានក្រុមការងារយេនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្តីពីការអនុវត្តតួនាទីភារកិច្ចការងារយេនឌ័រ ក្នុងរយៈពេល៣ឆ្នាំកន្លងមក ទទួលបានលទ្ធផលល្អប្រសើរ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានតាមផែនការណែនាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានធ្វើឲ្យយោធិនគ្រប់រូបបានយល់ដឹងអំពីអ្វីទៅដែលជាយេនឌ័រ  ហើយនិងបានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជួយដល់សង្គមជាតិទទួលបានលទ្ធផលល្អប្រសើរ។

លោកស្រីនាយឧត្តមសេនីយ៍ បានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំ នាយទាហាននាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានប្រឹងប្រែងបំពេញតួនាទីភារកិច្ចស្របតាម ច្បាប់ បទបញ្ជា និងលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ ពិសេសបានយកចិត្តទុកដាក់ក្នុងការដឹកនាំវិស័យការងារយេនឌ័រនៅក្នុងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ហើយនិងបានរួមចំណែកយ៉ាងសកម្ម ក្នុងការងារបម្រើប្រជាពលរដ្ឋ និងបងប្អូនអតីតយុទ្ធជននៅតាមមូលដ្ឋាននានា នៅក្នុងខេត្តបានយ៉ាងល្អប្រសើរ។

លោកស្រី ម៉ីមន ដារី បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗអន្តរជាតិ និងការអភិវឌ្ឍន៍រីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា និងការកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទប្រកបដោយប្រសិទ្ធភាព។

លោកស្រីបានណែនាំ និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនតាមតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ និងបន្តជំរុញក្នុងការដឹកនាំការងារយេនឌ័រ ឱ្យមានការអភិវឌ្ឍនិងរីកចម្រើនបន្ថែមទៀត ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការដឹកនាំណែនាំនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ៕