(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃតី២៥ ខែតុលា ឆ្នាំ២០២៣នេះ បានចេញមកច្រានចោលគណនី Facebook ក្លែងក្លាយមួយ ដែលត្រូវបានបង្កើតឡើងដោយជនអនាមិក ហើយប្រើប្រាស់ឈ្មោះរបស់លោក «ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ» ប៉ុន្ដែតាំងរូប Profile ផ្សេង។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា គណនីក្លែងក្លាយមួយនោះ បានបង្ហោះសារមួយចំនួនពាក់ព័ន្ធជាមួយប្រទេសថៃ ក្នុងបំណងទុច្ចរិត និងបំពុលសង្គម។ លើសពីនេះ ក៏នាំឲ្យមានការភ័ន្ដច្រឡំពីសំណាក់សាធារណៈជនផងដែរ។

លោកស្នងការបានអះអាងថា នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវស្វែងអត្តសញ្ញាណ អ្នកដែលបង្កើតគណនីក្លែងក្លាយនេះ ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់។ លោកក៏បានច្រានចោលរាល់ការបង្ហោះទាំងឡាយនៅលើគណនីមួយនេះ ដោយមិនជាប់ពាក់ព័ន្ធជាមួយរូបលោកនោះឡើយ៕