(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហាញការសម្រេចចិត្តយ៉ាងដាច់អហង្ការចំពោះវិធានការផាកពិន័យលើអ្នកល្មើសច្បាប់ចរាចរណ៍ទាំងឡាយណា នៅក្នុងខេត្តព្រះសីហនុ ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះទៅ។

លោកថា «អ្នកល្មើសច្បាប់ចរាចរណ៍ទាំងអស់ត្រូវអនុវត្តតាមច្បាប់ គ្មានការចាប់ហើយអប់រំណែនាំនៅនឹងកន្លែងទៀតនោះទេ វិធានការអប់រំគឺទុកជូនមន្ទីរព័ត៌មាន មន្ទីរអប់រំ និងមន្ទីពាក់ព័ន្ធមួយចំនួនទៀតដើម្បីធ្វើការផ្សព្វផ្សាយ និងណែនាំជូនសាធារណជនទាំងអស់»

លោក គួច ចំរើន បានលើកឡើងបែបនេះ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ក្នុងកម្មពិធីកិច្ចប្រជុំគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

ការដាក់វិធានការផាកពិន័យគ្មានការលើកលែងលើអ្នកល្មើសច្បាប់ចរាចរណ៍នេះ ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលតួរលេខ នៃកំណើនគ្រោះថ្នាក់នេះនៅតែបន្តកើតមានច្រើនគួរកត់សំគាល់ និងព្រួយបារម្មណ៍។

អភិបាលខេត្តបានគូសបញ្ជាក់ថា ចំពោះការផ្សព្វផ្សាយនេះ គឺមន្ទីរពាក់ព័ន្ធត្រូវធ្វើការផ្សព្វផ្សាយអប់រំតាមទីសាធារណ សាលារៀន ឧត្តមសិក្សា រោងចក្រ សហគ្រាស ប៉ុន្តែពេលចុះប្រតិបត្តការគឺគ្មានការអប់រំ ឬលើកលែងទៀតទេ ត្រូវតែអនុវត្តតាមច្បាប់ចរាចរណ៍ផ្លូវគោកជាដាច់ខាត៕