(កោះកុង)៖ ប្រជាពលរដ្ឋចំនួន១៨០គ្រួសារ រស់នៅតាមមាត់ព្រែកស្ថិតនៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង បាននាំគ្នាមកតវ៉ាក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី៣ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដើម្បីឲ្យអាជ្ញាធរខេត្តរកដំណោះផ្តល់ទឹកស្អាតឲ្យគាត់បានប្រើប្រាស់គ្រប់គ្រាន់ ពីព្រោះក្នុងភូមិរបស់ពួកគាត់មានអ្នកវិនិយោគទឹកស្អាត២នាក់ ដោយអ្នកវិយោគម្នាក់ មានទឹកស្អាតប្រើប្រាស់ គ្រប់គ្រាន់ តែអត់ច្បាប់អនុញ្ញាតពីសាមីមន្ទីរ និងអ្នកវិយោគម្នាក់ទៀតមានទឹកកង្វក់ក្លិនជូរប្រើប្រាស់មិនគ្រប់គ្រាន់ តែមានច្បាប់អនុញ្ញាតវិនិយោគចេញពីមន្ទីរឧស្សាហ៍កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត។

អ្នកស្រី ទ្រី ណង តំណាងឲ្យប្រជាពលរដ្ឋទាំង១៨០គ្រួសារ បានមានមតិថា ប្រជាពលរដ្ឋមានទីលំនៅតាមមានព្រែកក្នុងឃុំថ្មស រាល់ថ្ងៃកំពុងប្រឈមកង្វះទឹកស្អាតប្រើប្រាស់រាល់ថ្ងៃ និងបានត្អូញត្អែរពីផលលំបាកអំពីការប្រើប្រាស់ ទឹក ពោលមានតម្លៃខ្ពស់ ហើយប្រើប្រាស់មិនគ្រប់គ្រាន់។ អ្នកស្រីថា ទឹកនោះកង្វក់មានក្លិនជូរ និងមានពេលវេលាកំណត់ក្នុងការបើកឲ្យប្រើប្រាស់។ ដូច្នេះពួកគាត់បានធ្វើដំណើរដីរាប់គីឡូម៉ែត្រមកចូលរួមវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តកោះកុង ដើម្បីសូមឲ្យប្រធានក្រុមប្រឹក្សា លោកស្រីអភិបាលខេត្ត ជួយរកដំណោះស្រាយឲ្យពួកគាត់ផង។

បើតាមពលរដ្ឋរូបនេះ ក្នុងឃុំថ្មសមានអ្នកវិយោគទឹកស្អាតចំនួន២នាក់ រួមមាន៖

*ទី១៖ លោកស្រី ហុង ស្រីមុំ មានអាជ្ញាបណ្ណ ប៉ុន្តែការផលិតទឹកមានភាពកង្វក់ មានក្លិនជូប្រើប្រាស់មិនគ្រប់គ្រាន់ ក្នុង១ម៉ែត្រគូបតម្លៃ ៣០០០រៀល។
*ទី២៖ លោក ភួង សុភាព គ្មានអាជ្ញាប័ណ្ណ ហើយការផលិតទឹកស្អាតថ្លាប្រើប្រាស់គ្រប់គ្រាន់ ទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ សម្រាប់អ្នកវិនិយោគរូបនេះ គ្មានអាជ្ញាបណ្ណ តែមានលក្ខន្តិកៈអនុញ្ញាឲ្យផ្គត់ផ្គង់អនាម័យទឹកស្អាតពីអង្គការអភិវឌ្ឍន៍សហគមន៍បូទុមសាគរ។

លោក ខ្លឹម គគី ប្រធានមន្ទីរឧស្សាហកម្មខេត្តកោះកុង បានបកស្រាយថា មូលហេតុនាំឲ្យខ្វះទឹកស្អាតផ្គត់ផ្គង់ចែកចាយជូនពលរដ្ឋ ពីព្រោះអាកាសធាតុក្តៅ ការចូលរួមបង់ថ្លៃសេវាមិនសូវគោរពតាមគោលការណ៍ និងប្រភពទឹកពុំមានគ្រប់គ្រាន់ជាដើម។

លោកថា ទោះយ៉ាងណាលោកបន្តខិតខំសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋដោយតម្រូវឲ្យលោកស្រី ហុង មុំ ពង្រីកាជីកអណ្ដូងបន្ថែមទៀត ប៉ុន្តែលោកមិនគាំទ្រឲ្យមានក្នុងតំបន់មួយ មានអ្នកវិនិយោគ ២នោះទេ។

លោក ឆេង សុវណ្ណដា អភិបាលរងខេត្តកោះកុង ទទួលបន្ទុកការងារទឹកស្អាត បានអះអាងថា បញ្ហានេះមិនមែនជារឿងថ្មីទេ តែត្រង់ថា ភាគីលោកស្រី ហុង មុំ ម្ចាស់សេវាករទឹកមានអាជ្ញាប័ណ្ណ និងលោក ភួង សុភាព មានលក្ខន្តិកៈអនុញ្ញាតឲ្យផ្គត់ផ្គង់អនាម័យទឹកស្អាតពីអង្គការអភិវឌ្ឍន៍បុទុមសាគរ នៅមិនទាន់ឯកភាពគ្នា។ ជារួមដោយផ្អែកលើផលប្រយោជន៍ដល់ប្រជាពលរដ្ឋប្រមាណជាង ៥,០០០នាក់។

លោកអភិបាលរងខេត្ត បានបន្ថែមថា ចំពោះករណីទឹកគ្មានគុណភាពប្រើប្រាស់ អាជ្ញាធរនឹងពិនិត្យលំអិតតាមបច្ចេកទេស តែបើរកឃើញកំហុសណាមួយរបស់អ្នកវិនិយោគ អាចប្រឈមនឹងការដកអាជ្ញាប័ណ្ណចោល ឬសម្របសម្រួលឲ្យភាគីលោកស្រី ហុង មុំ និងលោក ភួង សុភាព ចរចាគ្នាក្នុងលក្ខខណ្ឌជ្រកក្រោមស្លាកអាជ្ញាប័ណ្ណទិញលក់ទឹករវាងគ្នា ដើម្បីចែកចាយទឹកបានជូនប្រជាពលរដ្ឋឲ្យប្រើប្រាស់៕