(ភ្នំពេញ)៖ លោក លី សុផាណា អ្នកនាំពាក្យដ៏សកម្មមួយរូបនៅសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងនៅល្ងាចថ្ងៃទី១៥ ខែសីហានេះថា ជនពាក់ព័ន្ធ៣នាក់ លើករណីបាញ់សម្លាប់មនុស្ស នៅម៉ាតក្បែរផ្សាររាត្រី បានសម្រេចបញ្ជូនត្រឡប់ទៅកាន់ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញវិញ នៅថ្ងៃស្អែកនឹងបន្តការសាកសួរទៀត ។
ការបញ្ជូនត្រឡប់ទៅវិញនេះ ធ្វើឡើងបន្ទាប់ពីជនពាក់ព័ន្ធទាំង៣នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយតំណាងអយ្យការក្រុងភ្នំពេញ បានទទួលយកសំណុំរឿង និងភស្តុតាង រួចហើយបញ្ជូនត្រឡប់ទៅវិញសិន ថ្ងៃស្អែកបន្តសាកសួរទៀត។
លោក លី សុផាណា បានបញ្ជាក់យ៉ាងដូច្នេះថា «អយ្យការបានទទួលសំណុំរឿងដែលពាក់ពន្ធ័នឹងការបាញ់នៅក្បែរផ្សាររាត្រីពីកងរាជអាវុធហត្ថនៅរសៀលនេះ ហើយបានកំពុងបំពេញបែបបទតាមនិតិវិធី។ ជនសង្ស័យត្រូវរក្សាទុកនៅកងរាជអាវុធដើម្បីបន្តចំណាត់ការនិងនិតិវិធីនៅអយ្យការនៅថ្ងៃស្អែក»។
សូមជំរាបថា លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា បន្ទាប់ពីមានការស្រាវជ្រាវយ៉ាង លម្អិតរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំពោះឃាតកម្មហាងមីនីម៉ាត ក្បែរផ្សាររាត្រីនោះ កម្លាំងអាវុធហត្ថបានរកឃើញថា មានមនុស្ស៣នាក់ ជាប់ពាក់ព័ន្ធ នឹងអំពើឃាតកម្មនេះ ហើយបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ។
លោក អេង ហ៊ី បានបញ្ជាក់ថា ជនដៃដល់ដែលជាអ្នកបាញ់សម្លាប់ផ្ទាល់ដៃនោះ លោកមិនទាន់អះអាងទេ ដោយទុកឲ្យខាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាអ្នកចោទប្រកាន់, ខាងកម្លាំងអាវុធហត្ថមានសិទ្ធិត្រឹមបញ្ជូនជនពាក់ព័ន្ធទាំង៣នាក់ និងភស្តុតាង (កាំភ្លើង២ដើម) ទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។
តាមព័ត៌មានច្បាស់ការណ៍មួយដែល Fresh News ទទួលបាននៅរសៀលថ្ងៃនេះបានឲ្យដឹងថា ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់មនុស្ស នៅម៉ាតនោះគឺ មិនមែនប្អូនប្រុស កញ្ញា ខៀវ សុខារ៉ាវី នោះទេ, ដោយអ្នកបាញ់មានឈ្មោះ ផុន ភក្តី។
សូមជំរាបថា នៅថ្ងៃកើតហេតុ ម្តាយ ខៀវ សុខារ៉ាវី បាននិយាយប្រាប់អង្គភាព Fresh News បានឲ្យដឹង កូនរបស់គាត់មិនមែនជាអ្នកបាញ់សម្លាប់នោះទេ, មានអ្នកផ្សេងជាអ្នកចូលមកបាញ់សម្លាប់ដូចលក្ខណៈប្លន់។ ម្តាយ ខៀវ សុខារ៉ាវី បានបញ្ជាក់យ៉ាងដូច្នេះថា «កូនរបស់ខ្ញុំមិនមែនជាអ្នកបាញ់នោះទេ មានមនុស្សផ្សេងចូលមកបាញ់ ដូចក្នុងលក្ខណៈប្លន់, បើមិនជឿខ្ញុំមានកាមេរ៉ាមើល»៕