(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសមិនអត់ឱនឱ្យ ក្រុមអ្នកធ្វើចលនាបដិវត្តន៍ពណ៌នៅកម្ពុជានោះឡើយ ជាពិសេស មេដឹកនាំចលនា ៩វិច្ឆិកា។ ជាមួយគ្នានេះ សម្តេចបានអំពាវនាវឱ្យសម្ព័ន្ធបក្សនយោបាយទាំង២៧ រួមកម្លាំងជាមួយបក្សប្រជាជន និងកម្លាំងជាតិ ទប់ស្កាត់ និងលុបបំបាត់ក្រុមជ្រុលនិយម។

ថ្លែងក្នុងពិធីចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយចំនួន២៧ផ្សេងទៀត នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យកម្លាំងគណបក្សនយោបាយ ដែលចូលរួមជាមួយកម្លាំងជាតិនេះ ត្រូវតែការពារសន្តិភាព និងការអភិវឌ្ឍរបស់ជាតិឱ្យបាន។

សម្តេចបានបញ្ជាក់ថា «ចលនា៩វិច្ឆិកា វាជាអំពើក្បត់ជាតិដ៏ធំ ដែលយើងមិនអាចអត់ឱនទេ តុលាការនៅតែបន្តកាត់ទោសក្រុមនេះ តើការបំផុសឱ្យមនុស្ស ឱ្យកងកម្លាំងប្រដាប់អាវុធ ផ្តួលរំលំរាជរដ្ឋាភិបាល ហើយឈានមកចាប់នាយករដ្ឋមន្រ្តី តើនេះជាសិទ្ធិបញ្ចេញមតិ ឬជាការប្រកាសសង្គ្រាម?»

ត្រង់ចំណុចនេះ សម្តេចតេជោចង់ផ្ញើសារទៅកាន់បរទេសមួយចំនួន ដែលខ្វះការយល់ដឹងអំពីសេរីភាពបញ្ចេញមតិ និងចលនានៃការផ្តួលរំលំក្រៅប្រព័ន្ធ។ សម្តេចបន្តថា សព្វថ្ងៃនេះ នៅកម្ពុជាមានសេសសល់នូវសកម្មភាពចលនាបដិវត្តន៍ពណ៌ ហើយសម្តេចបានជូនសារទៅប្រទេសមួយចំនួន អង្គការក្រៅរដ្ឋាភិបាលខ្លះ ដែលកំពុងជ្រកក្រោមម្លប់ចលនាបដិវត្តន៍ពណ៌ ឱ្យឆាប់ដកខ្លួន ដែលកម្ពុជាមិនអត់ឱ្យនោះឡើយ ព្រោះសន្តិភាពត្រូវបានស្វែងរកដោយលំបាក។

សម្តេចបានបន្ថែមថា «ចលនាយើងពេលនេះ ជាចលនាមួយដ៏ខ្លាំង ហើយយើងមិនផ្តល់ឱកាសឱ្យនរណាមួយ ធ្វើសកម្មភាពបំផ្លាញសន្តិភាពនេះទេ ​គណបក្សប្រជាជនតែឯង មិនគ្រប់គ្រាន់ទេ សម្ធ័នភាពរបស់យើងនេះសំដៅការពារនូវសន្តិភាព ដែលយើងរកបានដោយលំបាក ហើយសន្តិភាពនោះហើយ ដែលផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម»

សម្តេចតេជោ ក៏ជំរុញឱ្យរួមគ្នាទប់ស្កាត់នយោបាយជ្រុលនិយម មិនថាឆ្វេងនិយម ឬស្តាំនិយម ដែលសុទ្ធតែបង្កគ្រោះថ្នាក់ដល់ប្រទេសជាតិ និងប្រជាជនទាំងអស់។ ការទប់ស្កាត់ចលនាជ្រុលនិយម ដែលអាចធ្វើទៅបាន ទាមទារឱ្យមានការអប់រំដល់សមាជិក សមាជិការបស់ខ្លួន ដើម្បីកុំឱ្យដើរតាមទម្លាប់នយោបាយជ្រុលនិយម ដែលបង្កគ្រោះថ្នាក់ដល់ប្រទេសជាតិ និងប្រជាជន៕