(ភ្នំពេញ)៖ វិទ្យាស្ថានជាតិសង្គមកិច្ចគឺ ជាគ្រឹះស្ថានឧត្ដមសិក្សារបស់រដ្ឋ ស្ថិតក្រោមអាណាព្យាបាលរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា វិទ្យាស្ថាន ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១១ ដែលមានបេសកកម្មបណ្ដុះបណ្ដាលនិងស្រាវជ្រាវលើវិស័យសង្គមកិច្ច។

លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានសរសេរនៅក្នុង facebook ផ្លូវការរបស់លោកកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ថា វិទ្យាស្ថានជាតិសង្គមកិច្ច គឺជាគ្រឹះមូលដ្ឋានសំខាន់របស់ក្រសួងសង្គមកិច្ច ក្នុងការបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពការងារសម្រាប់ឧត្តមប្រយោជន៍ ក្នុងវិស័យសង្គមកិច្ចស្របតាមយុទ្ធសាស្ត្របច្ចកោណនីតិកាលទី ៧ នៃរដ្ឋសភា។

បច្ចុប្បន្នជាស្ថានជាតិសង្គមកិច្ច បាននឹងកំពុងបណ្ដុះបណ្ដាលនិស្សិត ៩ ជំនាញដូចខាងក្រោម៖
១.បរិញ្ញាបត្រសង្គមកិច្ចវិទ្យា
២.បរិញ្ញាបត្រសង្គមវិទ្យា
៣.បរិញ្ញាបត្រកិច្ចគាំពារសង្គមនិងធានារ៉ាប់រង
៤.បរិញ្ញាបត្រវិស្វកម្មឧបករណ៍សិប្បនិម្មិតនិងរណប
៥.បរិញ្ញាបត្ររដ្ឋបាលសាធារណៈ
៦.បរិញ្ញាបត្រគ្រប់គ្រងសាធារណៈ
៧.បរិញ្ញាបត្រគោលនយោបាយសង្គម
៨.បរិញ្ញាបត្រគោលនយោបាយសាធារណៈ
៩.បរិញ្ញាបត្រភាសាអង់គ្លេស។
ដោយឡែកវេនយប់មានបើកបណ្ដុះបណ្ដាល៖
១.បរិញ្ញាបត្រសង្គមកិច្ចវិទ្យា
២.បរិញ្ញាបត្រកិច្ចគាំពារសង្គមនិងធានារ៉ាប់រង
៣.បរិញ្ញាបត្ររដ្ឋបាលសាធារណៈ
៤.បរិញ្ញាបត្រភាសាអង់គ្លេស។
បើតាមការ បញ្ចក់ពី លោក វង្ស ភារៈ នាយយករងវិទ្យាស្ថានជាតិសង្គមកិច្ចការសិក្សាត្រូវផ្សារភ្ជាប់ជាមួយនឹងការអនុវត្តជាក់ស្ដែង កាលពីថ្ងៃទី ២៤ ខែតុលាឆ្នាំ ២០២៣ បានរៀបចំពិធីការពាររបាយការណ៍ស្រាវជ្រាវរបស់និស្សិតជំនាន់ទី៨ សរុបចំនួន ៦៤រូបក្នុងគោលបំណង ឲ្យនិស្សិតធ្វើការបូកសរុបចំណេះដឹងដែលបានសិក្សាអស់រយ:ពេល៤ឆ្នាំតាមរយ:ការសរសេរស្នាដៃស្រាវជ្រាវវិទ្យាសាស្ត្រ(Apply research) ទុកជាភស្តុតាងនៃការសិក្សា។ដែលក្នុងកម្មវិធីការពាររបាយការណ៍ស្រាវជ្រាវនោះមានការអញ្ជើញចូលរួមពីលោកគ្រូ អ្នកគ្រូ ដែលជាសាស្ត្រាចារ្យណែនាំ និងគណៈកម្មការវាយតម្លៃសរុបចំនួន ៣០ រូប។

គួរបញ្ជាក់ថា វិទ្យាស្ថានជាតិសង្គមកិច្ច បានផ្ដល់អាហារូបករណ៍១០០%ដល់និស្សិតជារៀងរាល់ឆ្នាំសម្រាប់ វេនព្រឹក និងវេនរសៀល។ដោយឡែកវេនយប់វិទ្យាស្ថានរៀបចំឲ្យសិក្សាតាមប្រព័ន្ធអនឡាញដោយផ្ដល់អាហារូបករណ៍ពី២៥ ទៅ៥០% បន្ថែមទៀត។

និស្សិតវិទ្យាស្ថាន ដែលបានបញ្ចប់ការសិក្សាទទួលបានការងារធ្វើ ស្ទើរតែ១០០% នៅក្នុងវិស័យការងារផ្សេងៗនៃព្រះជាណាចក្រ៕