(ភ្នំពេញ)៖ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងស្វ័យការពារជើងគោកជប៉ុន ឯកភាពសហការពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៉ីជម្រៅនិងរឹងមាំបន្ថែមទៀត ដូចជា ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្តូរអ្នកជំនាញ និងវគ្គហ្វឹកហ្វឺនផ្លាស់ប្ដូរបទពិសោធន៍ វគ្គបណ្ដុះបណ្ដាល និងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មាន បច្ចេកវិទ្យា និងសម្ភារយោធា។

ការឯកភាពគ្នានេះធ្វើឡើងក្នុងកិច្ចប្រជុំលើកទី១រវាងក្រុមការងារក្រុមការងារកងស្វ័យការពារជើងគោកជប៉ុន និងក្រុមការងារកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និង The 1st JGSDF-RCA SWG MEETING ត្រូវបានប្រព្រឹត្តនៅទីក្រុងតូក្យូ នៃប្រទេសជប៉ុន ដើម្បីពិភាក្សាពិគ្រោះយោបល់គ្នាលើផែនការកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកប្រទេសទាំងពីរ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។

ជាលទ្ធផល ក្រុមការងារទាំងពីរបានពិភាក្សាលម្អិតអំពីផែនការកិច្ចសហប្រតិបត្តិការ និងបានឯកភាពជាគោលការណ៍លើផែនការសកម្មភាពកិច្ចសហប្រតិបត្តិការ មានដូចជាការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្តូរអ្នកជំនាញ និងវគ្គហ្វឹកហ្វឺនផ្លាស់ប្ដូរបទពិសោធន៍ វគ្គបណ្ដុះបណ្ដាល និងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មាន បច្ចេកវិទ្យា និងសម្ភារយោធា។

គូសបញ្ជាក់ថា កិច្ចប្រជុំនេះគឺអនុលោមតាមស្មារតី លក្ខខណ្ឌកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងស្វ័យការពារជើងគោកជប៉ុន (ToR) ដែលបានចុះហត្ថលេខា ដោយមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២៣ កន្លងទៅ នៅរាជធានីភ្នំពេញ៕