(ម៉ៃឈៀង)៖ ប៉ូលិសថៃ បានបញ្ជាក់ឲ្យដឹងនៅល្ងាចថ្ងៃនេះថា សាកសពចំនួន ៥ត្រូវបានរកឃើញនៅក្នុងតំបន់ Doi Inthanon បន្ទាប់ពីឧទ្ធម្ភាគចក្រ ដែលពួកគេជិះបានធ្លាក់នៅកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្ដិ៍ ចេញផ្សាយនៅមុននេះបន្តិច។
ឧទ្ធម្ភាគចក្រជាប្រភេទ UH-72 បានបាត់តំណឹងតាំងពីវេលាម៉ោង ១០៖៣០នាទីព្រឹកថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីបានធ្វើការហោះហើរអស់រយៈពេល ៣០នាទី ដោយក្នុងនោះមានមនុស្ស ៥នាក់ ជាក្រុមជួយសង្គ្រោះ ដែលមានបេសកកម្មទៅកាន់ព្រំដែនមីយ៉ាន់ម៉ា ដើម្បីសង្គ្រោះជនរងគ្រោះដោយទឹកជំនន់។
នៅក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនេះ ត្រូវបានលោក Kosol Prathumchart ប៉ូលិសជាន់ខ្ពស់ប្រចាំតំបន់បញ្ជាក់ឲ្យដឹងថា មានទាហារ ៤០០នាក់ ព្រោះតំបន់ដែលឧទ្ធម្ភាគចក្រធ្លាក់នោះ សម្បូរដោយផ្សែងអ័ព្ទយ៉ាងក្រាស ពិបាកក្នុងការធ្វើដំណើរ៕