(មណ្ឌលគិរី)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ បានរៀបចំវគ្គអប់រំផ្សព្វផ្សាយ និងបញ្ជា្របការយល់ដឹងស្តីពីសារៈសំខាន់នៃការបោះឆ្នោតជូនដល់គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល នាយក-នាយករងសាលា យុវជន និងអាជ្ញាធរពាក់ព័ន្ធ នៅស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។

វគ្គនេះដឹកនាំដោយនាយកដ្ឋានបណ្តុះបណ្តាល និងអប់រំអ្នកបោះឆ្នោតនៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប សហការជាមួយលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពលោក ស៊ុំ ប៊ុនហុង អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ។

លោក ស៊ុំ ប៊ុនហុង បានឱ្យដឹងថា ការរៀបចំវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងស្តីពីសារៈសំខាន់នៃការបោះឆ្នោតនេះឡើង គឺក្នុងគោលបំណងទី១-អប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងពីសារៈសំខាន់នៃការបោះឆ្នោត ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតនៅកម្ពុជា ជូនដល់ភាគីពាក់ព័ន្ធដែលជាក្រុមគោលដៅ ទី២-ប្រមូលធាតុចូលសំខាន់ៗពីគ្រប់ភាគីពាក់ព័ន្ធ និងសិក្សាអំពីបញ្ហាប្រឈមរបស់ភាគីពាក់ព័ន្ធនៅគ្រប់ដំណាក់កាលនៃការបោះឆ្នោត ទី៣- ដើម្បីធ្វើនវានុវត្តន៍លើកម្មវិធី និងប្រធានបទនៃវគ្គ ទី៤-បំផុសឱ្យមានការផ្សព្វផ្សាយបន្តដល់សាធារណជន ដែលមិនបានចូលរួម និងទី៥-ផ្សព្វផ្សាយប្រភព ព័ត៌មានដែលចេញដោយ គ.ជ.ប និង លធ.ខប (គេហទំព័រ, App, បណ្តាញសង្គម)។
នៅក្នុងវគ្គនេះ លោកអគ្គនាយកបានបង្ហាញអំពីសារៈសំខាន់នៃការបោះឆ្នោតជាច្រើនទៅកាន់ភាគីពាក់ព័ន្ធ ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សីឱ្យបានយល់ដឹងកាន់តែច្បាស់ពីលទ្ធិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត។

លោកអគ្គនាយកក៏បានបញ្ជាក់ថា ការបោះឆ្នោត គឺជាផ្នែកមួយដ៏សំខាន់ដែលអាចជួយឱ្យអ្នកបោះឆ្នោតជ្រើសរើសបានអ្នកដឹកនាំដែលខ្លួនពេញចិត្តតាមឆន្ទៈរបស់ខ្លួន ដោយសន្តិវិធីគ្មានការប្រើអំពើហិង្សា ធ្វើឱ្យអ្នកដឹកនាំមានការទទួលខុសត្រូវផ្ទាល់ ចំពោះប្រជាពលរដ្ឋលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ អនុវត្តសិទ្ធិនយោបាយ និងលទ្ធិប្រជាធិបតេយ្យ ធានាការពារការប្រតិបត្តិសិទ្ធិសេរីភាពទាំងអស់របស់បុគ្គលគ្រប់ៗរូប អភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកំណត់ជោគវាសនារបស់ខ្លួន និងប្រទេសជាតិរបស់ខ្លួនដោយខ្លួនឯង។
ឆ្លៀតក្នុងឱកាសនោះ លោក ស៊ុំ ប៊ុនហុង ក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ អញ្ជើញទៅពិនិត្យមើលឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដែលមានបិទផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមសាលាឃុំ សង្កាត់ និងនៅទីតាំងណាមួយក្នុងឃុំ សង្កាត់ទូទាំងប្រទេស ព្រមទាំងមានផ្សព្វផ្សាយតាម គេហទំព័ររបស់ គ.ជ.ប ដែលមានអាសយដ្ឋាន Voterlist.nec.gov.kh ឬចូលរកតាមកម្មវិធីទូរសព្ទ (App) NEC KH ឱ្យបានគ្រប់ៗគ្នាកុំបីអាក់ខាន៕