(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងថា បណ្ដាគណបក្សនយោបាយទាំង២៧ បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ និងចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា គឺក្លាយជាដៃគូស្មើភាព និងស្មើសិទ្ធិជាមួយគ្នា ហើយគណបក្សទាំងអស់ មិនចំណុះឲ្យគណបក្សប្រជាជនកម្ពុជានោះទេ។

ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងចងសម្ព័ន្ធភាពនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បណ្ដាគណបក្សនយោបាយទាំង២៧ និងគណបក្សប្រជាជនកម្ពុជា គឺពិតជាបានស្ម័គ្រចិត្តធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងពិតប្រាកដ ដោយមិនស្ថិតក្រោមការបង្គាប់បញ្ជាអ្វីឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា បើទោះបីគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលកំពុងកាន់អំណាច ហើយជាគណបក្សដែលពោរពេញទៅដោយធនធានមនុស្ស ធនធានហិរញ្ញវត្ថុច្រើនលើសលប់ បើធៀបជាមួយគណបក្សផ្សេង ប៉ុន្ដែគណបក្សប្រជាជនកម្ពុជា មិនដែលចាត់ទុកថា គណបក្សផ្សេងជាគណបក្សតូចតាចនោះទេ ពោលឲ្យតែស្របច្បាប់ គឺមានសិទ្ធិស្មើគ្នា។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការចងសម្ព័ន្ធភាពនេះ ខ្ញុំសូមបញ្ជាក់ឲ្យបានច្បាស់ថា គណបក្សទាំងអស់មិនស្ថិតក្រោមការគ្រប់គ្រងរបស់បក្សណាមួយនោះទេ អ្នកទាំងអស់គ្នាគឺជាដៃគូស្មើភាព ស្មើសិទ្ធិជាមួយគ្នា។ គណបក្សទាំងអស់មិនមែនចំណុះគណបក្សប្រជាជនទេ ប៉ុន្ដែយើងស្ម័គ្រធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ទោះបីគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច មានធនធានមនុស្ស ធនធានហិរញ្ញវត្ថុច្រើនលើសលប់ បើប្រៀបធៀបជាមួយគណបក្សផ្សេង ប៉ុន្ដែយើងមិនបានចាត់ទុកគណបក្សទាំងអស់ ថាជាគណបក្សដែលតូចតាចនោះទេ។ ដែលហៅគណបក្សនយោបាយស្របច្បាប់ គឺមានសិទ្ធិដូចគ្នា»

សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា បានសង្កត់ធ្ងន់ថា គណបក្សនយោបាយទាំងអស់ដែលបានចងសម្ព័ន្ធភាព ជាមួយគណបក្សប្រជាជនកម្ពុជា នៅតែមានស្វ័យភាព ហើយមានសិទ្ធិគ្រប់គ្រាន់ក្នុងការដាក់ចេញនូវទិសដៅនយោបាយ ដែលស្របជាមួយគោលការណ៍ទាំងឡាយដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងនេះ ចំនួន៨ចំណុច។

សម្ដេចតេជោ ហ៊ុន សែន ជឿជាក់ថា គណបក្សនយោបាយទាំងនោះច្បាស់ជាទទួលនូវការវាយប្រហារភ្លាមៗ ចាប់ពីពេលចុះហត្ថលេខានេះតទៅថា ជាអាយ៉ងរបស់គណបក្សប្រជាជនកម្ពុជា ប៉ុន្ដែពាក្យថា «អាយ៉ងបរទេស» «អាយ៉ងគណបក្សប្រជាជនកម្ពុជា» បានក្លាយទៅជាទម្លាប់របស់ក្រុមប្រឆាំងទៅហើយ។ ដូចបទពិសោធន៍កន្លងទៅ បើគណបក្សនោះគាំទ្រខ្លួនល្អ តែបើមិនគាំទ្រទេ ច្បាស់ជាក្លាយជាអាយ៉ងមិនខានឡើយ ដូច្នេះមិនចម្លែកនោះទេ ដែលគេតិះទៀនគណបក្សដែលចង់សម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានហៅការតិះទៀនគណបក្សនេះ អាយ៉ងអ្នកនោះ គណបក្សនោះ អាយ៉ងអ្នកនេះ ជាការលើកឡើងដោយខ្វះការគោរពនូវសេរីភាពរបស់បុគ្គល ឬសេរីភាពរបស់គណបក្សនយោបាយនានា។ ផ្ទុយពីគណបក្សប្រជាជនកម្ពុជា ដែលឲ្យតម្លៃគណបក្សដទៃស្មើភាពជាមួយគ្នា៕