(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះបានថ្លែងថា ស្មារតីនៃកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្សប្រជាជនកម្ពុជា (CPP) ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត គឺបើកទូលាយឱ្យគណបក្សនយោបាយស្របច្បាប់ផ្សេងទៀត បានចូលរួមក្នុងសម្ព័ន្ធភាព។

សម្ដេចតេជោ ហ៊ុន សែន អះអាងបែបនេះ ក្នុងឱកាសដែលសម្តេច បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត។ ពិធីនេះធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ។

សម្តេចបានគូសបញ្ជាក់យ៉ាងដូច្នេះថា កិច្ចព្រមព្រៀងនេះ នឹងបើកទូលាយសម្រាប់គណបក្សនយោបាយស្របច្បាប់ផ្សេងទៀត ដែលគាំទ្រ និងមានបំណងចង់ចូលរួមសហប្រតិបត្តិការ ចងសម្ព័ន្ធភាព រវាងបណ្តាបក្សនយោបាយនៅកម្ពុជា តាមស្មារតីនៃកិច្ចព្រមព្រៀងនេះ។ ហើយការសម្រេចអនុញ្ញាតឱ្យគណបក្សផ្សេងទៀតចូលរួមឬ មិនចូល នឹងមិនសម្រេចដោយដោយគណបក្សប្រជាជនតែម្នាក់នោះទេ គឺត្រូវមានការស្រុះស្រួលគ្នាមួយ តាមរយៈការជ្រើសរើសយកការសម្រេចបែបសំឡេងកុងសង់ស៉ីស ឬ៥០បូក១ឬ២ភាគ៣។

សម្តេចតេជោបញ្ជាក់បន្ថែមថា «អ៊ីចឹងចំណុចនេះមិនអត្តនោម័តដោយគណបក្សប្រជាជនតែឯងសម្រេចឱ្យចូលឬមិនឱ្យចូលទេ សិទ្ធិនេះត្រូវសម្រេចនៅក្នុងចំណោមបក្សនយោបាយទាំង២៨ តើយើងត្រូវយកសំឡេងឬ៥០បូក១ ឬយកសំឡេង២ភាគ៣ ក្នុងការសម្រេចឱ្យគណបក្សដែលសុំចូលរួមថ្មី។ វាមិនមែនសម្រេចលើគណបក្សប្រជាជនម្នាក់ឯងត្រូវតែឱ្យចូលទេ គណបក្សដែលចូលរួមនេះ ត្រូវសម្រេចដោយកង់សង់ស៊ីស ឬសម្រេចដោយសំឡេងភាគច្រើនបូក១ ឬត្រូវសម្រេចដោយសំឡេង២ភាគ៣»

បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ សម្តេចតេជោ បានណែនាំឱ្យមានការរៀបចំបទនូវបញ្ជាផ្ទៃក្នុងមួយទៀតផង។ គណបក្សប្រជាជនកម្ពុជា នឹងបញ្ជូនប្រធានគណៈចាត់តាំងរបស់គណបក្សធ្វើជាអ្នកតាក់តែងបទបញ្ជាផ្ទៃក្នុង ហើយសូមឱ្យគណបក្សនានារៀបចំចាត់បញ្ជូនតំណាងរបស់ខ្លួនចូលរួមក្នុងការរៀបចំបទបញ្ជាផ្ទៃក្នុងនេះផងដែរ។

បទបញ្ជាផ្ទៃក្នុងនេះ នឹងរួមបញ្ចូល ទាំងការជួបប្រជុំ ទីតាំងជួបជុំ និងរយៈពេលជួបប្រជុំជាដើម៕