(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ បានអនុញ្ញាតលោកសាស្រ្តាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ អំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA)។

លោកស្រី ចម និម្មល បន្ដជួបជាមួយលោក Martin Vávra ឯកអគ្គរដ្ឋទូតឆេកប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារអាទិភាពរួមគ្នា ព្រមទាំងស្វែងយល់អំពីវឌ្ឍនភាព និងសក្ដានុពលនៃកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើវិស័យសំខាន់ៗ ជាពិសេសការបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងជំរុញកាលានុវត្តភាព វិស័យវិនិយោគរវាងប្រទេសទាំងពីរ។

លោកស្រី ចម និម្មល ក៏បន្ដជួបលោកស្រី Ivana Tranchini អ្នកគ្រប់គ្រងក្រុមហ៊ុន VISA ប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារអំពីការបង្កើនកិច្ចប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន VISA សំដៅលើកកម្ពស់ការធ្វើអាជីវកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក រួមទាំងការបង្កើនការចូលរួមរបស់អាជីវកម្មខ្នាតតូចនៅកម្ពុជា។

សូមជម្រាបថា ជំនួបទាំង៣នេះ បានរៀបចំធ្វើឡើង នាទីស្ដីការក្រសួងពាណិជ្ជកម្ម៕