(ភ្នំពេញ)៖ កម្មវិធីបរិស្ថាន និងដាំកូនឈើ ក្រោមពាក្យស្លោក «យុវជនសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ជាវិស្វករសុខភាព និងបរិស្ថាន» ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមឡើងដោយមហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តនយោបាយ និងអង្គភាពគ្រប់គ្រងថ្នាក់ក្រោយបរិញ្ញាបត្រនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ព្រមទាំងមានការគាំទ្រ និងសហការដោយសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប សាលាខណ្ឌដូនពេញ និងវត្តប្រជុំសាគរ។
កម្មវិធីនេះត្រូវបានចែកចេញជាពីរ ទីមួយគឺសម្អាតបរិស្ថានដោយរើសសម្រាមចាប់ពីចំណុចមុខព្រះបរមរាជវាំងដល់ផ្សាររាត្រីក្នុងខណ្ឌដូនពេញ និងទីពីរគឺការដាំកូនឈើនៅក្នុងបរិវេណវត្តប្រជុំសាគរ ក្នុងខណ្ឌជ្រោយចង្វារ ដែលមានសមាសភាពចូលរួមពីគណៈគ្រប់ គ្រងបុគ្គលិក និស្សិត និស្សិតស្ម័គ្រចិត្តកាកបាទក្រហម ព្រះសង្ឃ និងមន្ត្រីសាលាខណ្ឌដូនពេញចំនួន១១៥ អង្គ-នាក់ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ។
លោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការរង ដែលជាអ្នកដឹកនាំកម្មវិធី និងតំណាងឱ្យលោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានថ្លែងថា កម្មវិធីបរិស្ថាន និងដាំកូនឈើនេះ គឺរៀបចំឡើងក្នុងគោលបំណងសំខាន់០៣ ទីមួយគឺចូលរួមសម្អាតសម្រាមតាមឆ្នេរទន្លេ និងដាំកូនឈើក្នុងទីវត្តមួយចំនួន ទីពីរគឺការបញ្ជាក់ពីការគាំទ្រសកម្មភាពរបស់អជ្ញាធរមូលដ្ឋានដែលបានយកចិត្តទុកដាក់លើកិច្ចការបរិស្ថាន និងសុខភាពរបស់ប្រជាជន និងទីបីគឺបំផុសស្មារតីយុវជន និងប្រជាពលរដ្ឋទាំងអស់ ជាពិសេសក្នុងរាជធានីភ្នំពេញឱ្យយកចិត្តទុកដាក់ជួយសម្អាតបរិស្ថានដែលនាំឱ្យទទួលបាននូវសុខភាពល្អទាំងអស់គ្នា។
លោកសាកលវិទ្យាធិការរងបានបន្តទៀតថា យោងតាមទិវារយុវជនអន្តរជាតិ១២សីហា ក្នុងចំណោមប្រជាជនកម្ពុជាប្រាំនាក់ មានម្នាក់ជាយុវជនដែលមានអាយុចន្លោះពី១៥ ទៅ ២៤ឆ្នាំ ហេតុនេះមានតែយុវជនទេដែលជាអ្នកផ្តួចផ្តើម ជាវិស្វករ ជាអ្នកអនុវត្តន៍ក្នុងការជួយសម្អាតបរិស្ថាន ដាំ ថែររក្សា ការពារ ផ្សព្វផ្សាយ ដែលមានអត្ថន័យធំធេងបំផុតសម្រាប់ជីវិតប្រចាំថ្ងៃរបស់មនុស្សជាតិទូទាំងពិភពលោក។
ស្ថិតក្នុងឱកាសនោះផងដែរ លោក ជិត ណារិទ្ធ ប្រធានការិយាល័យទេសចរណ៍ខណ្ឌដូនពេញ ដែលជាតំណាងឱ្យឯកឧត្តម កួច ចំរើន អភិបាលខណ្ឌដូនពេញ បានសំដែងនូវការសប្បាយរីករាយក្រៃលែងក្នុងនាមលោកជាអជ្ញាធរមូលដ្ឋាន ដែលបានឃើញទឹកចិត្តយុវជន ជាពិសេសយុវជនរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មានចិត្តស្រលាញ់នូវបរិស្ថាន ហើយបានជ្រើសរើសយកទីតាំងខណ្ឌដូនពេញនេះជាកន្លែងសម្រាប់ធ្វើការសម្អាតបរិស្ថាន ដែលជាកន្លែងកម្សាន្តរបស់ភ្ញៀវទេសចរណ៍ និងជាបេះដូងរាជធានីភ្នំពេញ។
លោកក៏បានកោតសរសើរដល់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលបានផ្តួតផ្តើមបង្កើតឱ្យមានកម្មវិធីនេះឡើង ហើយលោកសូមគាំទ្រឱ្យកម្មវិធីនេះមានជាបន្តទៅទៀត និងផ្សព្វផ្សាយឱ្យដល់គ្រប់ទីកន្លែង ព្រោះសកម្មភាពទាំងអស់នេះវាស្របទៅនឹងផែនការសកម្មភាពរបស់ ក្រសួង ក៏ដូចជាសាលាក្រុង និងខណ្ឌបាននឹងកំពុងអនុវត្តន៍ផងដែរ។
ក្រោយពីបានធ្វើការសម្អាតបរិស្ថានតាមឆ្នេរទន្លេចាប់ពីចំណុចព្រះបរមរាជវាំង ដល់ផ្សាររាត្រីរួចមក គណៈគ្រប់គ្រង បុគ្គលិក និងក្រុមយុវជនរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានបន្តដំណើរទៅកាន់វត្តប្រជុំសាគរដែលស្ថិតនៅខណ្ឌជ្រោយចង្វារ ដើម្បីដាំកូនឈើសរុបចំនួន៥០ដើម ដែលសុទ្ធសឹងជាឈើប្រណិត៕