(បាត់ដំបង)៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានបន្តចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជួយសម្រាលការលំបាក ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងរហ័សចំនួន ៤៧២គ្រួសារ រស់នៅក្រុងស្រុកចំនួន៤គឺ ក្រុងបាត់ដំបង ស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកបាណន់ ខេត្តបាត់ដំបង។

ក្នុងឱកាសជួបសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌នាពេលនេះក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងការអញ្ជើញចូលរួមពីលោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង សមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា ។

ការចុះសំណេះសំណាល និងផ្តល់អំណោយនេះ គឺនៅទីតាំងវត្តក្តាំងងារ ភូមិខ្វិត ឃុំព្រែកខ្ពប់ ស្រុកឯកភ្នំ សម្រាប់ប្រជាពលរដ្ឋ ១៣០គ្រួសារ មកពី៦ភូមិ ២ឃុំ ស្រុកឯកភ្នំ, នៅវត្តស្លាកែត ស្ថិតនៅ ភូមិស្លាកែត សង្កាត់ស្លាកែត សម្រាប់ប្រជាពលរដ្ឋ ១០២គ្រួសារ មកពី៧ភូមិ ៣សង្កាត់ ក្រុងបាត់ដំបង, នៅបរិវេណ វត្តខ្នា ភូមិកំពង់ឆ្លង ឃុំវត្តតាមឹម ស្រុកសង្កែសម្រាប់ប្រជាពលរដ្ឋ ១១០គ្រួសារ មកពី៧ភូមិ ឃុំវត្តតាមឹម និងនៅអនុសាខាស្រុកបាណន់ស្ថិតនៅ ភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ សម្រាប់ប្រជាពលរដ្ឋ ១៣០គ្រួសារ មកពី៤៤ភូមិ ៥ឃុំ ស្រុកបាណន់ ដែលមានប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងរហ័សសរុបចំនួន ៤៧២គ្រួសារ។

ក្នុងឳកាសនោះលោកស្រី ពុំ ចន្ទីនី បានពាំនាំមកនូវព្រះរាជបន្ទូល និងប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្តីនឹករលឹក និងមនោសញ្ចេតនាជាប់ជានិច្ចជាមួយប្រជានុរាស្ត្រកូនចៅ និងប្រជាពលរដ្ឋគ្រប់ពេលវេលា។

ទន្ទឹមនឹងនេះលោកស្រីអគ្គលេខាធិការ បានពាំនាំផ្តាំផ្ញើនូវសារសុខភាព ជុំវិញជំងឺគ្រុនឈាម គ្រុនឈីក ជំងឺហ្ស៊ីកា និងជំងឺផ្តាសាយបក្សីជាដើម។

លោកស្រីក៏បានលើកទឹកចិត្តដល់ស្ត្រីមានផ្ទៃពោះ សូមទៅពិនិត្យសុខភាពយ៉ាងតិច៤ដងមុនសម្រាល ហើយនៅពេលសម្រាលកូន សូមទៅមណ្ឌលសុខភាព និងសូមនាំទារកដែលទើបនឹងសម្រាលរួចរហូតដល់កុមារមានអាយុដល់២ឆ្នាំ សូមទៅទទួលវាក់សាំងឲ្យបានគ្រប់ចំនួន ដែលក្រសួងសុខាភិបាលបានកំណត់។

មុននឹងបញ្ចប់ពិធីសំណេះសំណាល លោកស្រីអគ្គលេខាធិការក៏បានលើកឡើងពីការការពារបរិស្ថានផងដែរ ពិសេសអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដោយចាប់ផ្តើមដំបូងនោះ សូមកុំប្រើប្រាស់ថង់ប្លាស្ទិក១ថ្ងៃក្នុងមួយសប្តាហ៍។

សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបាន៖ អង្ករ ២៥ គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ ទឹកស៊ីអ៊ីវ ១យួរ និងថវិកាមួយ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រីអគ្គលេខាធិការ បានប្រគេនថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនវត្តក្តាំងងារ វត្តស្លាកែត វត្តខ្នា និងសូមថ្លែងអំណរគុណចំពោះព្រះចៅអធិការវត្ត ដែលបានផ្តល់ទីតាំងសម្រាប់កាកបាទក្រហមកម្ពុជា ផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងរហ័សនាពេលនេះ។

បន្ទាប់ពីបញ្ចប់កម្មវិធីផ្តល់អំណោយ លោកស្រីអគ្គលេខាធិការ និងសហការី បានបន្តនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋចំនួន ១០ខ្នងផ្ទះ (៥ខ្នងផ្ទះនៅក្នុងក្រុងបាត់ដំបង និង៥ខ្នងផ្ទះទៀងនៅក្នុងស្រុកសង្កែ) ព្រោះប្រជាពលរដ្ឋទាំងនេះមានជំងឺប្រចាំកាយនិងពិកា ដែលមិនអាចធ្វើដំណើរមកទទួលអំណោយបាន៕