(កំពង់ចាម)៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការជីវិតជួយជីវិតប្រជាពលរដ្ឋ គឺជាគោលដៅធំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយរាជរដ្ឋាភិបាលបានធ្វើអស់រយៈពលជាង៤៤ឆ្នាំមកហើយ និងបន្តខិតខំធ្វើបន្ថែមនាពេលបច្ចុប្បន្ននេះ។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករនិយោជិតជាង ១,២ម៉ឺននាក់ នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

លោកបានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានជួយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសនប៉ុលពត ដែលបានជួយជីវីតប្រជាជនរាប់លាននាក់។ ព្រមទាំងការបញ្ចប់សង្រ្គាមផ្ទៃក្នុងនៅក្នុងឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះឈ្នះ។

ដោយឡែក ក្នុងពេលដែលពិភពលោក និងកម្ពុជា រងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងខិតខំស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីជួយអាយុជីវីតប្រជាពលរដ្ឋផងដែរ។

សម្តេចធិបតីបានគូសបញ្ជាក់បន្ថែមថា «ជីវិតប្រជាពលរដ្ឋ គឺជាគោលដៅធំដែលយើងបានធ្វើ និងខិតខំធ្វើ ក្នុងរយៈពេល៤៤ឆ្នាំនេះ ចាប់តាំងពីការរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ ការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះ ឆ្នាំ១៩៩៨។ កូវីដ សង្គ្រោះជីវិតប្រជាពលរដ្ឋសុខចិត្តបិទប្រទេសកន្លែងខ្លះ ខិតខំរកវ៉ាក់ដាក់ប្រទេស ដើម្បីជួយជីវិតប្រជាពលរដ្ឋ។អាយុជីវិតប្រជាពលរដ្ឋសំខាន់ណាស់ ហើយយើងបានយកចិត្តទុកដាក់» 

ទន្ទឹមគ្នានេះ ករណីសង្រ្គាមនៅប្រទេសអ៊ីស្រាអែល ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង និង តាមដានជាប់ជាប្រចាំ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរៀន និងធ្វើការនៅប្រទេសអ៊ីស្រាអែល មានសុវត្ថិភាព ដែលមកដល់ពេលនេះពួកគេមានសុវត្ថិភាព និងបំពេញការងារបានជាធម្មតា។

តែយ៉ាងណាសម្តេចបញ្ជាក់ថា បើទោះបីជាស្ថានភាពនៅអ៊ីស្រាអែលគ្រប់គ្រងបានច្រើនក៏ដោយ ប៉ុន្តែស្ថានភាពនៅតែមានភាពមិនច្បាស់លាស់។

សម្តេចធិបតីបានគូសបញ្ជាក់ផងដែរថា កម្ពុជាមិនត្រឹមតែប្តេជ្ញាចិត្តក្នុងការថែរក្សាសន្តិភាពក្នុងប្រទេសខ្លួនឯងនោះទេ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ សមាជិកអាស៊ាន នឹងចូលរួមថែរក្សាសន្តិភាព ស្ថេរភាពនៅក្នុងតំបន់ កុំឱ្យមានការប៉ះពាល់៕