(កំពង់ចាម)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា រាជរដ្ឋាភិបាលកម្ពុជាបានឯកភាពជាមួយអង្គការសហប្រជាជាតិ ដើម្បីជម្លៀសកងទ័ព (UN) មួកខៀវកម្ពុជា ដែលកំពុងបំពេញបេសកកម្មថែរក្សាសន្តិសុខនៅប្រទេសម៉ាលី ដោយសាររងការវាយប្រហារពីក្រុមឧទ្ទាមនៅទីនោះ។

ការបង្ហើបយ៉ាងដូច្នេះរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងនាឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណជាង១ម៉ឺន២ពាន់នាក់ ខេត្តកំពង់ចាម នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

នាឱកាសនោះ សម្ដេចធិបតីបានឱ្យដឹងថា អង្គការសហប្រជាជាតិបានសម្រេចដកកងទ័ពថែរក្សាសន្តិសុខរាប់ម៉ឺននាក់ចេញពីប្រទេសម៉ាលី (នៅភាគខាងលិចនៃទ្វីបអាហ្វ្រិក) ក្នុងនោះមានទាំងកងទ័ពមួកខៀវកម្ពុជាជិត១០០នាក់ផងដែរ ហើយក៏សម្រេចកម្ទេចចោលសម្ភារសឹក គ្រឿងសព្វាវុធទាំងអស់នៅទីនោះ។

សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «ប៉ុន្មានថ្ងៃមុន ខ្ញុំត្រូវផ្ដល់ការឯកភាពដើម្បីដកទ័ពមួកខៀវយើងចេញពីប្រទេសម៉ាលី ដោយសារ UN ចាប់ផ្ដើមជម្លៀសទ័ព ព្រោះដោយសារកន្លែងខ្លះទ័ពនៅលែងបានហើយ ទោះបីទ័ព UN មួកខៀវក៏គេវ៉ៃដែរ»

គួរជម្រាបថា គិតត្រឹមឆ្នាំ២០២៣នេះ កម្ពុជាបានបញ្ជូលកងកម្លាំងជិត៩ពាន់នាក់ចេញទៅបំពេញបេសកកម្មនៅប្រទេសចំនួន១១ ក្រោមក្របខណ្ឌអង្គការសហប្រជាជាតិ (UN) ក្នុងនោះរួមមាន៖ សាធារណរដ្ឋស៊ូដង់ ប្រទេសស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ម៉ាលី ស៊ីរី ស៉ីប និងយេម៉ែន លើជំនាញបោសសម្អាតមីន កម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្ម អាវុធហត្ថ មន្ទីរពេទ្យ ព្រលានយន្តហោះ នាយទាហាន សេនាធិការ សង្កេតការណ៍យោធាជាដើម៕