(កំពង់ចាម)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ បានឆ្លើយតបទៅកាន់ក្រុមប្រឆាំងនៅក្រៅស្រុក ដែលរិះគន់លើរាជរដ្ឋាភិបាលថា មិនបានគិតគូរពីប្រជាពលរដ្ឋ កំពុងរស់នៅ និងធ្វើការនៅប្រទេសអ៉ីស្រាអែល គឺគ្រាន់តែជាការគេចចំណេញ នយោបាយប៉ុណ្ណោះ។

ជាមួយគ្នានេះ សម្តេចធិបតីបានចោទសួរ ទៅកាន់ក្រុមប្រឆាំងនោះវិញថា តើអ្នកដែលអួតថាគិតគូរពីប្រយោជន៍ប្រជាពលរដ្ឋនោះ បានធ្វើអ្វីខ្លះដើម្បីប្រជាពលរដ្ឋ ឬបានត្រឹមតែចេញវីដេអូឃ្លីបបង្ហោះលើ Facebook ហើយក៏បាត់ទៅវិញ។

សម្តេចធិបតីក៏បានចោទសួរទៅកាន់អ្នកនយោបាយចាស់វស្សា ដែលអួតរឿងរៃអង្គាសលុយទិញសំបុត្រយន្តហោះ ឱ្យនិស្សិតខ្មែរត្រឡប់មកកម្ពុជាវិញនោះ ជាង១០ថ្ងៃហើយនៅមិនទាន់ធ្វើ ប៉ុន្តែបើសម្រាប់ខ្លួនឯងវិញ ជិះយន្តហោះទៅរៃអង្គាសដល់បារាំង អាមេរិក អូស្ត្រាលី។

សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា រាជរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល ៤៤ឆ្នាំមកនេះ បានគិតគូរពីផលប្រយោជន៍ និងអាយុជីវិត របស់ប្រជាពលរដ្ឋជាធំ ដោយបានរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ បញ្ចប់សង្គ្រាម តាមរយៈនយោបាយឈ្នះឈ្នះ ហើយសង្គ្រោះជីវិតប្រជាពលរដ្ឋ ពីជំងឺកូវីដ១៩ ផងដែរ។

ចំពោះប្រជាពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការនៅប្រទេសអ៉ីស្រាអែលវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់យ៉ាងខ្លាំង និងតាមដានជាប់ជាប្រចាំ ដោយតម្រូវឱ្យក្រសួងស្ថាប័នពាក់ព័ន្ធរាយការណ៍ជូនសម្តេច៤ដងក្នុង ១ថ្ងៃពីសុខទុក្ខរបស់បងប្អូននៅទីនោះ។

ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករនិយោជិតជាង ១,២ម៉ឺននាក់ នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសុំនិយាយបន្តិចពាក់ព័ន្ធរឿងនៅអ៉ីស្រាអែល ខ្ញុំឃើញច្រើណាស់ អ្នកនយោបាយចាស់វស្សាខ្លះ ចេញមកវៃរដ្ឋាភិបាល ហើយមានអ្នកខ្លះអួតណាស់ រករៃអង្គាសទិញសំបុត្រយន្តហោះឱ្យនិស្សិតមកវិញ មកដល់ម៉ោងនេះជាង១០ថ្ងៃហើយ អត់មានឃើញប្រកាសរៃអង្គាសលុយ តែបើគាត់ជិះយន្តហោះទៅបារាំង អាមេរិក អូស្ត្រាលី ទៅអង្គាសលុយខ្លួនឯងញឹក។ ចោទថារដ្ឋាភិបាលខ្មែរ គ្មានយកចិត្តទុកដាក់ បំពេញកាតព្វកិច្ចរបស់ខ្លួ​ន តាមរដ្ឋធម្មនុញ្ញការពារអាយុជីវិតប្រជាពលរដ្ឋ។ ជីវិតប្រជាពលរដ្ឋ គឺជាគោលដៅធំដែលយើងបានធ្វើ និងខិតខំធ្វើ ក្នុងរយៈពេល៤៤ឆ្នាំនេះ ចាប់តាំងពីការរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត ការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះ ឆ្នាំ១៩៩៨ កូវីដ សង្គ្រោះជីវិតប្រជាពលរដ្ឋ [...] ថ្ងៃមុនខ្ញុំបានចេញសារនយោបាយជាបន្តបន្ទាប់ ដើម្បីជម្រាបបងប្អូន ប៉ុន្តែនៅមានអ្នកកេងចំណេញនយោបាយមួយចំនួន ប៉ុន្តែសួរថាអ្នកទាំងអស់ ដែលអួតនេះ គិតពីផលប្រយោជន៍ប្រជាពលរដ្ឋដែរទេ ត្រឹមតែឡើងមួយឃ្លីប ពីរឃ្លីបលើ Facebook ហើយ លេងគិតបាត់ហើយទៅនិយាយរឿងអ្វីផ្សេង បើគេគិតប្រជាពលរដ្ឋ គិតជាប់ជាប្រចាំ»

សូមជម្រាបថា រាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី យកចិត្តទុកដាក់ជានិច្ច ចំពោះសុខទុក្ខនិស្សិតខ្មែរទាំងអស់ នៅក្នុងប្រទេសអ៉ីស្រាអែល ដោយចាត់ទុកសុវត្ថិភាពរបស់ពួកគេជាអាទិភាពចម្បងបំផុត។

ក្រុមការងាររបស់រាជរដ្ឋាភិបាល ដែលមានក្រសួងការរទេស និងសហប្របត្តិការអន្តរជាតិ ក្រសួងអប់រំ ក្រសួងកសិកម្ម ព្រមទាំងស្ថាប័នមានសមត្ថកិច្ចមួយចំនួនទៀត ធ្វើការទាក់ទងជាប្រចាំជាមួយនិស្សិត និងម្ចាស់កសិដ្ឋានដែលពួកគេស្នាក់នៅ ក៏ដូចជាអាជ្ញាធរអ៉ីស្រាអែល ដើម្បីការពារសុវត្ថិភាពជូននិស្សិតខ្មែរទាំងអស់ ក៏ដូចជាអន្តរាគមន៍ដោះស្រាយបញ្ហា ជូនពួកគេជាបន្ទាន់ប្រសិនបើពួកគេត្រូវការ។

បច្ចុប្បន្ននេះនិស្សិតខ្មែរ ដែលមានវត្តមាននៅក្នុងប្រទេសអ៉ីស្រាអែលចំនួន ៤៥០នាក់ មានសុវត្តិភាពទាំងអស់គ្នា ដោយមានការការពារយ៉ាងតឹងរឹង ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងរបស់អ៊ីស្រាអែល នៅក្នុងតំបន់ដែលពួកគាត់រស់នៅ ក៏ដូចជាពីសំណាក់កសិដ្ឋាន ដែលពួកគាត់កំពុងស្នាក់នៅ និងហាត់ការ៕